មនុស្ស ៦នាក់ស្លាប់ ក្រោយគ្រោះទឹកជំនន់វាយប្រហារភាគកណ្ដាលប្រទេសជប៉ុន

(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ បានរាយការណ៍ថាគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្ដាលប្រទេសជប៉ុន បាន សម្លាប់មនុស្សយ៉ាងហោច ៦នាក់ និង២នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើខេត្ត Ishikawa កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ជាមួយកម្ពស់ទឹកភ្លៀង ៥៤០មីលីម៉ែត្រ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Wajima ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។ ក្រុមមន្ត្រីក្នុងខេត្ត Ishikawa ស្ថិតនៅបណ្ដោយឆ្នេរនៃសមុទ្រជប៉ុន ក៏បាននិយាយដែរថាស្ថានភាពរបស់មនុស្ស ៨នាក់ផ្សេងទៀត មិនទាន់កំណត់បាននៅឡើយទេ ខណៈគិតត្រឹមព្រឹកថ្ងៃចន្ទនេះមនុស្ស ៤០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ រីឯផ្លូវជាច្រើននៅក្នុងតំបន់នេះត្រូវបាន បិទខ្ទប់ដោយសារគ្រោះរអិលបាក់ដី។

គួរបញ្ជាក់ថា ខេត្ត Ishikawa កាលពីដើមឆ្នាំកន្លងទៅនេះ ក៏បានរងគ្រោះដោយសារការរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រផងដែរ ដែលបានសម្លាប់មនុស្សយ៉ាងហោច ៣៧៤នាក់៕