Wall Street Journal៖ ក្រុមមន្ត្រីអាមេរិកជឿថាកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា ទំនងជាមិនអាចធ្វើទៅកើតឡើយ ក្នុងអាណត្តិរបស់លោក បៃដិន

Oplus_131072

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា បានរាយការណ៍ថាក្រុមមន្ត្រីអាមេរិកបច្ចុប្បន្នជឿថាកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមក្នុងតំបន់ហ្កាហ្សារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ទំនងជាមិនអាចធ្វើទៅកើតឡើយ ក្នុងអាណត្តិនៅសេសសល់ជាប្រធានាធិបតីរបស់លោក ចូ បៃដិន ដែលនឹងត្រូវចុះចេញពីតំណែងនៅខែមករា ឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៅសេតវិមាន ក្រសួងការបរទេស និងមន្ទីរបញ្ចកោណ ដោយមិន បានបញ្ជាក់ពីឈ្មោះមន្ត្រីទាំងនោះទេ។ នៅមុនការចេញផ្សាយរបស់ Wall Street Journal អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់អ្នកសារព័ត៌មាន ថា «ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានថាយើងមិនជឿនោះទេថាកិច្ចព្រមព្រៀងបានបរាជ័យទាំងស្រុង»

កាលពីជាង២សប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានបញ្ជាក់ដែរថាកិច្ចព្រមព្រៀងស្ដីបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សា សម្រេចបាន ៩០ភាគរយ លើចំណុចដែលត្រូវបានឯកភាពគ្នា។

គួរបញ្ជាក់ថា ក្រុមអ្នកសម្របសម្រួលមកពីសហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប បានចំណាយពេលអស់ជាច្រើនខែមកហើយ ដើម្បីសម្រុះសម្រួលឱ្យមានបទឈប់បាញ់ ប៉ុន្តែ នៅតែបរាជ័យមិនអាចបញ្ចុះបញ្ចូលឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាសចុះកិច្ចព្រមព្រៀងបាននៅឡើយទេ។ ឧបសគ្គដែលរារាំងដល់ការចុះកិច្ចព្រមព្រៀងនេះគឺមាន ២ចំណុចធំៗ នោះគឺសំណើរបស់អ៉ីស្រាអែលដើម្បីបន្តរក្សាវត្តមានកងទ័ពរបស់ខ្លួន នៅតំបន់ច្រករបៀង Philadelphi ស្ថិតនៅចន្លោះពំ្រដែនរវាងហ្កាហ្សា និងអេហ្ស៉ីប រួមទាំងការបញ្ជាក់លម្អិត ពីការដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែល ជាមួយជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅអ៉ីស្រាអែល៕