លោក Netanyahu ថាការនាំពលរដ្ឋត្រលប់មកផ្ទះ នៅភាគខាងជើងវិញ គឺជាគោលដៅនៃសង្រ្គាមបច្ចុប្បន្ន

Oplus_131072

(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញានេះ អ៉ីស្រាអែល បានប្រកាសពង្រីកគោលដៅសង្រ្គាមរបស់ខ្លួន ដោយមិនត្រឹមតែនៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ តែឥលូវនេះក៏រួមបញ្ចូលទាំងការដែលអាចធ្វើឱ្យអ្នកស្រុក ត្រលប់ទៅកាន់សហគមន៍ នៅឯភាគខាងជើងអ៉ីស្រាអែលវិញ ខណៈពួកគេគឺជាដែលបានភៀសខ្លួន ដោយសារតែការវាយប្រហាររបស់ក្រុម Hezbollah របស់លីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

តាមការិយាល័យនាយករដ្ឋមន្រ្តី ការសម្រេចនេះ ត្រូវបានអនុម័តអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​សន្តិសុខ​របស់ ​លោកនាយក​រដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu កាលពីយប់មិញ។ គិតចាប់តាំងពីក្រុមហាម៉ាស វាយឆ្មក់ចូលភាគខាងត្បូងអ៉ីស្រាអែល ដែលបង្កជាសង្រ្គាមក្នុងតំបន់ហ្កាហ្សាសព្វថ្ងៃ ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសលីបង់ បានបើកសមរភូមិទី ២ប្រឆាំងអ៉ីស្រាអែល ហើយការបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែន អ៉ីស្រាអែល-លីបង់ ក៏កាន់តែកើនឡើង។ ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីទីប្រជុំជន នៅតាមបណ្តោយព្រំដែនភាគខាងជើង ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារការបាញ់រ៉ុក្កែត ហើយពួកគេមិនទាន់អាចត្រលប់ទៅវិញបាននៅឡើយទេ។

គួរបញ្ជាក់ថា ក្នុងជំនួបជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក ដែលធ្វើទស្សនកិច្ចនៅអ៉ីស្រាអែល ដើម្បីស្វែងរកដំណោះស្រាយវិបត្តិព្រំដែនអ៉ីស្រាអែល-លីបង់ រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant និយាយថា ឱកាសដោះស្រាយតាមមធ្យោបាយការទូតជាមួយក្រុម Hezbollah កាន់តែចង្អៀតហើយ ខណៈដែលក្រុមនេះ បន្តចងភ្ជាប់ខ្លួនឯងជាមួយក្រុមហាម៉ាស ហើយបដិសេធបញ្ចប់ជម្លោះ៕