អបអរសាទរ ខួប១ឆ្នាំ នៃការដាក់បញ្ចូលរមណីដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក

(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាខួប១ឆ្នាំ នៃការដាក់បញ្ចូលរមណីដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

រមណីដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ នៃ​អតីត​រាជធានី​លិង្គ​បុ​រ ឬ​ឆោ​ក​គ​គ៌្យ​រ របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ដាក់​បញ្ចូល ប្រាសាទ​កោះ​កេរ គឺជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ នា​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤៥ ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ា​ត ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។

សូមជម្រាបផងដែរ រមណីរដ្ឋានប្រាសាទកោះកេរ ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប។ រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។

ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ​ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក​ ចុះបញ្ជីនៅឆ្នាំ២០១៧៕