លោក ហ្សេលេនស្គី ទទូចជាថ្មីឱ្យលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី

Oplus_131072

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បានអំពាវនាវឱ្យសាជាថ្មីឱ្យសម្ព័ន្ធមិត្តលោកខាងលិចអនុញ្ញាតឱ្យទីក្រុងកៀវវាយប្រហារលើ គោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី ជាពិសេសមូលដ្ឋានទ័ពអាកាស បន្ទាប់ពីការវាយប្រហារមួយរបស់កងកម្លាំងរុស្ស៉ីលើទីក្រុង Kharkiv។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

Oplus_131072

លោក ហ្សេលេនស្គី បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយដូច្នេះថា «មានតែដំណោះស្រាយជាលក្ខណៈប្រព័ន្ធតែប៉ុណ្ណោះ ដែលអាចប្រឆាំងអំពើឃោរឃៅនេះ នោះគឺការវាយប្រហារដោយប្រើ មីស៊ីលរយៈចម្ងាយឆ្ងាយកម្ទេចមូលដ្ឋានដែលយន្ដហោះយោធារុស្ស៉ីស្ថិតនៅ។ យើងកំពុងទន្ទឹងរង់ចាំសម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៉ីតាលី»

គួរបញ្ជាក់ថា ការអំពាវនាវសាជាថ្មីរបស់លោក ហ្សេលេនស្គី កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរុស្ស៉ីបានទម្លាក់គ្រាប់បែកចំអាគារស្នាក់នៅមួយក្នុងទីក្រុង Kharkiv។ ក្រុមអ្នកជួយសង្រ្គោះ បានទាញយកសាកសពស្ត្រីចំណាស់ម្នាក់ចេញពីគំនរបាក់បែក រីឯមនុស្ស ៤២នាក់បានរងរបួស៕