ប៉េកាំង បើកវេទិកាប្រចាំឆ្នាំស្តីពីវិស័យការពារជាតិ ចំពោះមុខបញ្ហាប្រឈមជាច្រើនក្នុងតំបន់

(ប៉េកាំង)៖ ប្រទេសចិន នឹងចាប់ផ្តើមព្រឹត្តិការណ៍ការទូតយោធាដ៏ធំប្រចាំឆ្នាំ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០២៤នេះ ដោយស្វែងរកការពង្រីកការផ្សព្វផ្សាយទៅកាន់លោកខាងត្បូង (Global South) ចំពេលមានភាពតានតឹងក្នុងតំបន់​ ដូចជានៅសមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសច្រើនជាង ៩០ រួមទាំងអង្គការអន្តរជាតិនានា នឹងបញ្ជូនអ្នកតំណាងរបស់ខ្លួនឱ្យមកចូលរួមវេទិកាដ៏សំខាន់ ដែលរៀបចំចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ក្នុងទីក្រុងប៉េកាំង។ វេទិកានេះផ្តោតលើបញ្ហា​មួយចំនួន ជុំវិញសន្តិសុខអាស៉ី-ប៉ាស៉ីហ្វិក ទំនាក់ទំនងអាមេរិក-ចិន និងសន្តិភាពមជ្ឈិមបូព៌ា។ រីឯ វិបត្តិនៅតំបន់ហ្កាហ្សាក៏ទំនងជាមាន ក្នុងកិច្ចពិភាក្សាផងដែរ។

រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun ក៏នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកនាថ្ងៃសុក្រ។ ដោយឡែក អង្គការណាតូ នឹងបញ្ជូនមន្រ្តីជាន់ខ្ពស់ផ្នែកភាពជាដៃគូសកល គឺលោក Gwendoline Vamos និងវរសេនីយ៍ឯកម្នាក់ទៀតឱ្យមកចូលរួម។ មានការរំពឹងទុកខ្លះៗថា វត្តមាននៃការជំរុញពីគ្រប់ភាគីនានា អាចបង្ហាញពីការចូលរួមធ្វើការកាន់តែស៉ីជម្រៅជាមួយចិន ចំពេលមានជម្លោះក្នុងតំបន់។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង មានបំណងលើកកម្ពស់មុខមាត់របស់ខ្លួន ក្នុងនាមជាអ្នកទទួលខុសត្រូវបញ្ហាសន្តិសុខក្នុងជម្លោះអន្តរជាតិ បើទោះបីជាកំពុងជាប់ពាក់ព័ន្ធ នឹងជម្លោះផ្នែកទឹកដីក្នុងតំបន់ក៏ដោយ។ វេទិកា​ឆ្នាំ​នេះ​ ធ្វើឡើងក្រោមប្រធានបទ «ការ​លើក​កម្ពស់​សន្តិភាព ​សម្រាប់​អនាគត​រួម»៕