រាជរដ្ឋាភិបាលសម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កកចំនួន ៦ខែថែមទៀត

Oplus_131072
Oplus_131072

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសរួមគ្នាមួយ ដោយជូនដំណឹងអំពីការសម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កកចំនួន ៦ខែថែមទៀត។

រយៈពេល៦ខែ គឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តែយ៉ាងណាវិធានការបន្តហាមឃាត់នេះ មិនអនុវត្តចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់នាំចេញឡើយ។

ការសម្រេចបន្តហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមិនប្រើប្រាស់ជាចំណីអាហារ នៅប្រទេសនាំចេញ។ ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីផ្តើមនៃសត្វជ្រូក ដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជា បន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង៕