ជំនួបបាយថ្ងៃត្រង់រវាងសម្តេចតេជោ ហ៊ុន សែន និងអតីតប្រធានសភាកូរ៉េ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការគ្នា ជំរុញការអភិវឌ្ឍកម្ពុជា នៅពេលអនាគត ជាមួយនឹងបច្ចេកវិទ្យាទំនើប និងក្លាយជាទីផ្សារផលិតរថយន្តអគ្គិសនី

(កូរ៉ខាងត្បូង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយលោក Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ។

សម្ដេចតេជោ បានសម្ដែងសេចក្ដីរីករាយ ដែលមានឱកាសមកចូលរួមពិសាបាយជាមួយអតីតប្រធានរដ្ឋសភា នៅទីក្រុងសេអ៊ូល សាជាថ្មីម្ដងទៀតនៅទីកន្លែងដដែល បន្ទាប់ពីជំនួបកាលពីពេលមុន។

ជាការឆ្លើយតប លោកអតីតប្រធានសភា បានរំលឹកថា នៅពេលដែលលោកបានធ្វើដំណើរបំពេញទស្សនកិច្ចលើកដំបូងនៅកម្ពុជា លោក បានធ្វើការកត់សម្គាល់ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសាធារណរដ្ឋកូរ៉េ។

លោកបានកោតសរសើរចំពោះ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងខ្លាំង។

លោកយល់ថា សម្ដេចតេជោ ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នឹងបន្តដឹកនាំកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនេះដែរ លោកអតីតប្រធានសភា បានណែនាំជូនសម្ដេចតេជោ នូវលោក បាក់ ជូពង្ស ដែលជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore និងលោក Kim Dong-ho ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ (Korea Polytechnic University) នៃសាធារណរដ្ឋកូរ៉េ។

លោកអតីតប្រធានសភា បានបង្ហាញលោកអគ្គនាយកក្រុមហ៊ុន និងសាកលវិទ្យាធិការទាំងពីររូប ដោយសារលោក ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Korea Polytechnic និងមានបំណងពង្រឹង និងពង្រីកថែមទៀត នៅផ្នែកសេដ្ឋកិច្ច និងបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាទំនើប អាចធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ឬក៏នៅកម្ពុជា។

លោកចង់ឱ្យពលករកម្ពុជា ទទួលការហ្វឹកហ្វឺនបច្ចេកវិទ្យា បច្ចេកទេស ដើម្បីឱ្យពួកគេបានរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មដំឡើងរថយន្ត ប្រើអគ្គិសនីនៅកម្ពុជា សម្រាប់ការនាំចេញ។ ជាមួយគ្នានេះដែរ លោកចង់ឱ្យមានការហ្វឹកហ្វឺនធនធានមនុស្សរបស់កម្ពុជា ដែលអាចបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីទទួលបានបទពិសោធ ហើយក្រោយពេលវិលត្រឡប់ទៅកម្ពុជាវិញ ពួកគេអាចយកនូវបច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកនៅក្នុងផ្នែកដំឡើងរថយន្តអគ្គិសនី និងផលិតសម្ភារៈសម្រាប់ផលិតរថយន្តដទៃទៀត។

លោកអតីតប្រធានសភាកូរ៉េ ក៏ដូចជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា នាពេលខាងមុខ ពីព្រោះរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់ មានការកើនឡើងជាលំដាប់។

លោកបានបញ្ជាក់ថា រថយន្តអគ្គិសនីដែលប្រើបច្ចេកវិទ្យាររបស់សាធារណរដ្ឋកូរ៉េ មានគុណភាពល្អ ជាពិសេស គុណភាពអាគុយ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការកោតសរសើរ និងបានលើកឡើងថា ពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាន និងអាកាសធាតុ។ ថ្វីត្បិតតែនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនី មិនខ្លាំង តែយើងសង្ឃឹមថា ទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនី ដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។

លោកប្រធានក្រុមហ៊ុន Camko Motor និង Camko Infracore បានជម្រាបជូនសម្ដេចថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការនៅកម្ពុជា និងមានបំណងដំឡើងរថយន្តនៅកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងកម្ពុជាផង និងការនាំចេញទៅក្រៅប្រទេសផង។ សម្រាប់ដំណើរការរបស់ក្រុមហ៊ុននេះ លោកត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញដល់ពួកគេ។

សម្ដេចតេជោ និងប្រធានក្រុមហ៊ុន Camko Motor ក៏ដូចជា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Korea Polytechnic ដែលមានវិទ្យាស្ថានប្រមាណ៤០ នៅកូរ៉េ បានស្នើនូវជម្រើសបណ្ដុះបណ្ដាលគ្រូជំនាញនៅប្រទេសកូរ៉េ ហើយពេលត្រឡប់មកកម្ពុជាវិញ គ្រូជំនាញទាំងនោះ អាចបង្រៀនពលករនៅកម្ពុជាតែម្ដង។

សូមបញ្ជាក់ថាកាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន Camko Motor ក៏បានចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសពេលសម្តេចធិបតីបំពេញទស្សនកិច្ច ហើយក៏បានទទួលការយល់ព្រមឯកភាពពីសម្ដេចធិបតី ឱ្យក្រុមហ៊ុននេះធ្វើការសិក្សា និងលើកទឹកចិត្តឱ្យមានការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឱ្យកម្ពុជាជាទីផ្សារមួយ ដែលមិនត្រឹមតែអាចប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។

ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀត។ លោកប្រធានក្រុមហ៊ុន Camko Motor បានសន្យាជាមួយសម្ដេចតេជោថា លោកនឹងខិតខំធ្វើការឱ្យអស់លទ្ធភាព សម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះដែរ លោកសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Korea Polytechnic មានគម្រោងនឹងបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមួយនៅកម្ពុជា ដើម្បីហ្វឹកហ្វឺនពលករជំនាញនៅកម្ពុជា។ សាកលវិទ្យាល័យរបស់លោក បានរួមចំណែកជាប្រវត្តិសាស្រ្ត ដល់ការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ។ បច្ចុប្បន្ននេះ សាធារណរដ្ឋកូរ៉េ ក៏មានសមត្ថភាពខ្ពស់ក្នុងការដំឡើងរថយន្ត ដែលមានបច្ចេកទេសខ្ពស់និងក៏មានធនធានមនុស្សល្អៗ។

លោកសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Korea Polytechnic ក៏បានជម្រាបជូនសម្ដេចផងដែរថា សាកលវិទ្យាល័យរបស់លោក មានសម្ភារៈគ្រប់គ្រាន់ និងមានធនធានមនុស្សដែលអាចជួយបង្ហាត់បង្រៀន បំពេញតម្រូវការនៅកម្ពុជាបាន។ កិច្ចការដំបូង គឺត្រូវមានសាកលវិទ្យាល័យ ដើម្បីបំពាក់សម្ភារៈបច្ចេកទេសទាំងអស់នេះ សម្រាប់ដំណើរការ។

បន្ទាប់ពីពិភាក្សាថាត្រូវធ្វើអគារថ្មី ឬបើកដេប៉ាដឺម៉ង់ថ្មីសម្រាប់ការងារនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានណែនាំឱ្យធ្វើការជាមួយ ឯកឧត្តម ជា វ៉ាន់ដេត ក៏ដូចជាក្រសួងការងារ និងក្រសួងអប់រំដើម្បីសិក្សាពីលទ្ធភាពហ្វឹកហ្វឺនដែលមានរយៈពេលខ្លី និងរយៈពេលវែង តាមការចាំបាច់ ដោយប្រើប្រាស់នូវសាកលវិទ្យាល័យដែលមានរួចហើយ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារ។ ចំពោះកិច្ចការនេះ សម្ដេចបានប្រគល់ជូន ទៅលោក ជា វ៉ាន់ដេត បន្តធ្វើការជាមួយក្រសួងពាក់ព័ន្ធនៅកម្ពុជា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានជំនាញខ្ពស់ និងដែលអាចបម្រើការងារទាំងនៅកម្ពុជា និងនៅសាធារណរដ្ឋកូរ៉េនាទីខាងមុខ។

លោកអតីតប្រធានសភា បានមានប្រសាសន៍ថា ទៅអនាគត បើកម្ពុជាចង់អភិវឌ្ឍឱ្យបានលឿន គឺត្រូវតែប្រើបច្ចេកវិទ្យាទំនើប និងធនធានមនុស្ស ដែលមានជំនាញខ្ពស់។

សម្ដេចតេជោបានបន្ថែមថា បច្ចុប្បន្ននេះ សម្ដេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបង្កើតផែនការបណ្ដុះបណ្ដាលដល់យុវជនចំនួន ១លាន ៥សែននាក់ និងកំពុងអនុវត្តជាបណ្ដើរៗ និងស្នើឱ្យភាគីកូរ៉េ ពិនិត្យចូលរួមក្នុងផែនការបណ្តុះបណ្តាលនេះ។

ជំនួបអាហារការងារថ្ងៃត្រង់នេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាល ក្នុងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា នៅពេលអនាគត ជាមួយនឹងបច្ចេកវិទ្យាទំនើប និងក្លាយជាទីផ្សារផលិតរថយន្តអគ្គិសនី ដើម្បីប្រើប្រាស់នៅក្នុងប្រទេសផង ក៏ដូចជាសម្រាប់ការនាំចេញ ទៅបណ្ដាប្រទេសនានាផងដែរ៕