លោក ពូទីន ថាសមយុទ្ធជើងទឹកជាមួយចិន មានគោលដៅទប់ទល់ជាមួយសហរដ្ឋអាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិក

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា បាននិយាយថាសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយចិន គឺជាផ្នែកមួយនៃការទប់ទល់នឹង សហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយជាសមយុទ្ធជើងទឹកធំបំផុតមួយរបស់រុស្ស៉ី ចាប់តាំងពីសហភាពសូវៀតរលំរលាយមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលោក ពូទីន សមយុទ្ធយោធាឈ្មោះ «Ocean-2024» នឹងត្រូវធ្វើប្រព្រឹត្តទៅចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក ជាមួយការធ្វើតេស្ដលើសមត្ថភាព ត្រៀមលក្ខណៈប្រយុទ្ធ និងការប្រើប្រាស់អាវុធទំនើបៗ ក្នុងនោះរួមមានទាំងអាវុធស៊េរីថ្មី ក៏ដូចជាការដកស្រង់មេរៀនពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនផងដែរ។

«យើងមានការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្ដារដ្ឋជាមិត្ត»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន នៅក្នុងសុន្ទរកថាមួយ តាមកញ្ចក់ទូរទស្សន៍ជាកិច្ចបើកដំណើរការសមយុទ្ធជាមួយចិន។ លោកបន្ថែមថាបច្ចុប្បន្ន នៅក្នុងបរិបទនៃការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយនៅជុំវិញពិភពលោក សមយុទ្ធជាមួយចិន គឺពិតជាមានសារៈសំខាន់ជាទីបំផុត ដ្បិតរុស្ស៉ីមើលឃើញថាសហរដ្ឋអាមេរិកកំពុងព្យាយាមការពារអនុត្តរភាពយោធា និងនយោបាយរបស់ខ្លួនដោយខ្វល់ ពីអ្វីទាំងអស់។

លោក ពូទីន ក៏បានចោទប្រកាន់ដែរថាដោយយកការចោទប្រកាន់ពីការគំរាមកំហែងពីរុស្ស៉ី និងចិន ជាលេស សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បាន និងកំពុងបង្កើន វត្តមានយោធានៅក្បែរព្រំដែនភាគខាងលិចរបស់រុស្ស៉ី នៅតំបន់អាក់ទិក និងតំបន់អាស៊ីប៉ាស៊ីហ្វិក៕