សហរដ្ឋអាមេរិក គ្រោងបើកកិច្ចពិភាក្សាសេដ្ឋកិច្ច ជាមួយរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស

(វ៉ាសីនតោន)៖ កាសែត Financial Times បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចពិភាក្សាសេដ្ឋកិច្ច ក្នុងសប្តាហ៍នេះ ជាមួយរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែស រួមទាំងមេដឹកនាំលោក Muhammad Yunus។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០២៤។

លោក Brent Neiman ឧបការរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុអន្តរជាតិ បានឱ្យដឹងថា សហរដ្ឋអាមេរិក មានសុទិដ្ឋនិយមថា តាមរយៈការអនុវត្តកំណែទម្រង់ចាំបាច់ បង់ក្លាដែសអាចដោះស្រាយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ខ្លួន និងកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនបន្តបន្ទាប់ និងបង្កើនវិបុលភាព។

គណៈប្រតិភូមួយក្រុមនៃក្រសួងហិរញ្ញវត្ថុ មន្រ្តីរដ្ឋាភិបាល និងពាណិជ្ជកម្មអាមេរិក រំពឹងថានឹងពិភាក្សាអំពី គោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងសុខភាពនៃប្រព័ន្ធហិរញ្ញវត្ថុ របស់បង់ក្លាដែសផងដែរ។ កិច្ចពិភាក្សានោះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍នេះ ក្នុងរដ្ឋធានីដាក្កា។ ប៉ុន្តែ ក្រុមមន្រ្តីក្នុងក្រសួងហិរញ្ញវត្ថុបង់ក្លាដែស និងការិយាល័យរបស់ លោក Yunus និយាយថា ពួកគេមិនបានដឹងអំពីផែនការទស្សនកិច្ចនេះទេ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចបង់ក្លាដែសមានតម្លៃ ៤៥០ពាន់លានដុល្លារ​ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារឡើងថ្លៃ និងដែលបានបង្ខំឱ្យប្រទេសនេះ ងាកទៅខ្ចីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីឆ្នាំមុន សម្រាប់ថវិកាសង្គ្រោះចំនួន ៤.៧ពាន់លានដុល្លារ៕