សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានទីផ្សារជាច្រើន ដែលអាចនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូល

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានទីផ្សារជាច្រើន ដែលអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះឡើយ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ច្បាប់វិនិយោគថ្មី ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជនក្នុងការកែច្នៃ សម្រាប់នាំចេញផងដែរ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាមានទីផ្សារជាច្រើន ហើយយើងអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះឡើយ ហើយច្បាប់វិនិយោគថ្មី របស់យើង ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យកសិកម្មក្នុងការកែច្នៃ សម្រាប់នាំចេញ, ជាពិសេសការកែច្នៃ ដែលប្រើប្រាស់ប្រភពធនធានវត្ថុធាតុដើមក្នុងស្រុក»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា នៅពេលដែលវិស័យឯកជន មានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយអាចជ្រៀតចូល ទៅដល់ទីផ្សារនៅបស្ចិមប្រទេស, សម្ដេចជឿជាក់ថា ពុំមានទីផ្សារណា ដែលកម្ពុជាចូលពុំចុះនោះទេ ដរាបណាយើងទទួលបាននូវការផ្ដល់តម្លៃសមរម្យ ដល់ផលិតផលរបស់យើង។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យមានខិតខំ ការជ្រៀតចូលទីផ្សារដទៃទៀត ជាពិសេសទីផ្សារ ដែលអាចផ្ដល់តម្លៃបន្ថែមខ្ពស់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងការជ្រៀតចូលទីផ្សារហាឡាលជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអំពាវនាវឲ្យវិស័យឯកជន និងតួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឲ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និងខិតខំជួយ ការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃ នៃស្រូវអង្កររបស់កម្ពុជាផងដែរ៕