អង់គ្លេស ប្រកាសផ្ដល់មីស៊ីល ៦៥០គ្រាប់បន្ថែម ទៅឱ្យអ៊ុយក្រែន​

(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះបានប្រកាសថាខ្លួននឹងផ្ដល់មីស៊ីលស៊េរី lightweight multi-role ចំនួន៦៥០គ្រាប់ គិតជាទឹកប្រាក់ស្មើនឹងជាង ២១៣.១៣លានដុល្លារ ទៅឱ្យអ៊ុយក្រែន ដើម្បីជួយពង្រឹងសមត្ថភាពទប់ទល់នឹងការវាយប្រហារដោយដ្រូន និងការវាយប្រហារទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រុស្ស៉ី កាលពីសប្ដាហ៍មុន បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយជំរុញឱ្យលោក ហ្សេលេនស្គី អំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចផ្ដល់ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីការពារខ្លួនពីការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៉ី។ ការប្រកាសផ្ដល់មីស៊ីលខាងលើ ធ្វើឡើងចំពេល រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ចូលរួមក្នុងកិច្ចប្រជុំមួយរបស់ក្រុមចម្រុះ Ukraine Defence Contact Group ដែលមានសមាជិក៥០ប្រទេស នៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងប្រទេសអាល្លឺម៉ង់។

ជាមួយការប្រកាសផ្ដល់មីស៊ីលបន្ថែម ក្រសួងការពារជាតិអង់គ្លេស ក៏បានបញ្ជាក់ដែរថាអនុវត្តតាមការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មីរបស់អង់គ្លេស ដើម្បីពន្លឿនការប្រគល់ជំនួយ ទៅដល់អ៊ុយក្រែន កញ្ចប់ដំបូងនៃមីស៊ីលដែលត្រូវបានប្រកាសផ្ដល់ឱ្យនៅថ្ងៃសុក្រនេះ ត្រូវបានរំពឹងថានឹងប្រគល់ទៅដល់ដៃអ៊ុយក្រែន នៅមុនដំណាច់ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ រុស្ស៉ីបានវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំស្រោចលើបណ្ដាទីក្រុងអ៊ុយក្រែន ដោយបាញ់មីស៊ីល និងដ្រូនជាង ២០០គ្រាប់ និងគ្រឿង ដែលបានសម្លាប់មនុស្ស ៧នាក់ ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន៕