ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកពីពូជស្រូវចំនួន ១០ប្រភេទ ដែលមានទីផ្សារខ្ពស់ទាំងក្នុងប្រទេស និងក្រៅពីប្រទេស

Oplus_131072

(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីពូជស្រូវចំនួន ១០ប្រភេទ ដែលមានតម្រូវការទីផ្សារខ្ពស់ ទាំងក្នុងប្រទេស និងក្រៅពីប្រទេស ដោយក្នុងនោះ មានពូជស្រូវខ្លះ ប្រជាកសិករមិនសូវបានចាប់អារម្មណ៍ ក្នុងការដាំដុះ ប៉ុន្ដែមានទីផ្សារខ្លាំង។

Oplus_131072

ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក ឧកញ៉ា ចាន់ សុឃាំង បានរៀបរាប់ថា ពូជស្រូវដែលមានការពេញនិយម និងងាយស្រួលរកទីផ្សារនោះ រួមមាន៖ ពូជផ្ការំដួល, ពូជស្រូវសែនក្រអូប និងសែនក្រអូប 01, ពូជស្រូវស្រងែ, ពូជស្រូវនាងអុក-នាងអំ, ពូជស្រូវឆ្មាព្រំ, ពូជស្រូវនាងខុន-ផ្កាខ្ញី, ប្រភេទអង្ករដំណើប និងប្រភេទអង្ករនាងខ្មៅ។

ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា ពូជផ្ការំដួល ជាប្រភេទពូជស្រូវធ្ងន់ ឃើញថា មានទីផ្សារធំទូលំទូលាយ និងពូជស្រូវសែនក្រអូប និងសែនក្រអូប 01 មានការប្រើប្រាស់ ក៏ដូចជាការដាំដុះជាមធ្យម ហើយសម្រាប់ទីផ្សារវិញ ទូលំទូលាយខ្លាំងណាស់ មិនខ្វះទេរោងម៉ាស៊ីនទាំងអស់ ដែលនៅក្បែរបងប្អូនជាកសិករ នឹងទិញពូជនេះ។

ដោយឡែក ចំពោះប្រភេទពូជស្រូវស្រងែវិញ ឧកញ៉ា ចាន់ សុឃាំង បានឲ្យដឹងថា ពូជស្រូវស្រងែ នាបច្ចុប្បន្នកំពុងតែមានការពេញនិយម ហើយពូជស្រូវស្រងែនេះ ជាពូជដែលកំពុងតែ មានការប្រកួតប្រជែង ជាមួយនឹងប្រទេសជិតខាង។

បន្ថែមពីនោះទៀត ឧកញ៉ា ចាន់ សុឃាំង សម្លឹងឃើញថា ការដាំដុះ ប្រភេទពូជស្រូវនាងអុក, នាងអំ ក៏ចាប់ផ្ដើមមានសន្ទុះ ចំពោះទីផ្សារអន្ដរជាតិ ដែលមានប្រទេសមួយចំនួន បានចាប់ផ្ដើមសួររកផងដែរ។ ក្រៅពីនោះ ក៏មានប្រភេទពូជឆ្មាព្រំ ជាពិសេសនៅខាងខេត្ដកំពង់ស្ពឺ មានទីផ្សារខ្លាំង ហើយមានតម្លៃខ្ពស់។

លើសពីនោះទៀត ប្រភេទនាងខុន, ផ្កាខ្ញី ដែលជាពូជប្រពៃណី ក៏កំពុងបន្ដការដាំដុះ ដោយការចូលចិត្ដពីប្រជាពលរដ្ឋ-ប្រជាកសិករ។

លោកថា ពូជដែលបានរៀបរាប់នេះ គឺជាពូជដែលកំពុងតែពេញនិយម ក្រៅពីពូជទាំងនេះ លោកក៏បានឃើញថា ប្រជាកសិករ មិនទាន់បានដាំដុះច្រើននៅឡើយទេ នូវប្រភេទអង្ករដំណើប និងប្រភេទអង្ករនាងខ្មៅ ប៉ុន្ដែមានទីផ្សារខ្លាំង។

ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា ​បើសិនជាមានសហគមន៍កសិករណា ចង់ដាំអង្ករដំណើប និងប្រភេទអង្ករនាងខ្មៅនេះ អាចទាក់ទងមកសហព័ន្ធស្រូវអង្ករ ឬក៏អាចទាក់ទង មកកាន់រោងម៉ាស៊ីនកិនស្រូវធំៗ ដើម្បីធ្វើកិច្ចសន្យាតែម្ដង។

សូមជម្រាបថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។ តាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន។

ចំពោះប្រភេទអង្ករបាននាំចេញ ក្នុងនោះអង្ករក្រអូបមានចំនួន ៧០.៥២% ប្រភេទអង្ករសធម្មតា ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.២៨%៕