ហ្វីលីពីន នឹងចុះកិច្ចព្រមព្រៀងការពារជាតិជាមួយវៀតណាម នៅថ្ងៃសុក្រនេះ

(ម៉ានីល)៖ ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ ហ្វីលីពីននិងវៀតណាម នឹងចុះកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤។

នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិវៀតណាម លោក Phan Van Giang កំពុងស្ថិតនៅទីក្រុងម៉ានីល ដើម្បីបើកកិច្ចពិភាក្សាគ្នា​ជាមួយសមភាគីហ្វីលីពីន លោក Gilberto Teodoro។ ការចុះកិច្ចព្រមព្រៀងការពារជាតិនេះ គឺស្របពេលហ្វីលីពីនដែលជា​សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក បាននិងកំពុងប្រឈមមុខគ្នាសឹងតែរៀងរាល់សប្តាហ៍ ជាមួយចិននៅសមុទ្រចិនខាងត្បូង។ វៀតណាមក៏មានបញ្ហាវិវាទទឹកដីជាមួយចិន នៅសមុទ្រចិនខាងត្បូងដែរ ប៉ុន្តែទន្ទឹមគ្នា ខ្លួនព្យាយាមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយ​ចិន ជាទំនាក់ទំនង ដែលត្រូវបានកសាងរាប់ទសវត្សរ៍មកហើយ រវាងបក្សកុម្មុយនិស្តនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ទោះបីមានការទាមទារចំណែកត្រួតគ្នា នៅទីប្រជុំកោះ Spratly នៃសមុទ្រចិនខាងត្បូងក៏ដោយ ហ្វីលីពីននិងវៀតណាម បានបង្ហាញបំណងធ្វើការរួមគ្នា ដើម្បីដោះស្រាយវិវាទ ដោយសន្តិវិធី។ ក្នុងខែសីហានេះ ឆ្មាំសមុទ្រនៃប្រទេសទាំងពីរ បានធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង។ សមយុទ្ធនោះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ កាលពីដើមឆ្នាំនេះ ហើយបានចុះកិច្ចព្រមព្រៀង ដែល​ផ្តោតលើការទប់ស្កាត់ឧប្បត្តិហេតុ នៅសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ៕