(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង»។
ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀត, កិច្ចប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖
១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ,
២៖ សម្រាប់បណ្ណទស្សនារយៈពេល ៣ ថ្ងៃ និង ៧ ថ្ងៃ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវ សម្រាប់បណ្ណចូលទស្សនា រហូតដល់ចុងឆ្នាំ ២០២៤,
៣៖ កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង ៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ,
៤៖ ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់លក់បណ្ណ៖ ដោយប្រើ Self-Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក,
៥៖ គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការការផ្តល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ,
៦៖ បង្កើតក្រុមការងារចម្រុះ ពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី ២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែរទម្រង់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥តទៅ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន ត្រូវបង្កើនការរៀបចំកែលម្អ បង្គន់អនាម័យក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរថែមទៀត និងបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ការប្រមូលចំណូលពីការលក់បណ្ណ ពង្រឹងនីតិវិធីនៃការត្រួតពិនិត្យបណ្ណឱ្យបានកាន់តែល្អប្រសើរ និងបង្ករភាពងាយស្រួលជូនភ្ញៀវបន្ថែមទៀត៕