(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសរំលេចថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាពលរដ្ឋ បង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិខ្មែរ។
សម្តេចតេជោ បានលើកឡើងដែរថា ចលនានេះ គេអាចដឹងបានថា អ្នកចោទប្រកាន់ថារាជរដ្ឋាភិបាលកាត់៤ខេត្ត ឬច្រើនជាងនេះទៅឱ្យវៀតណាម តើពួកគេចូលលុយឬទេ?
សម្តេចតេជោ បានគូសរំលេចលើបណ្តាញសង្គមនាយប់ថ្ងៃទី២៦ ខែសីហា នេះថា «ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ការរំពឹងទុកប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។»។
សម្តេចតេជោបន្តថា «ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធដើម្បីការពារទៅទៀត»។
សម្តេចតេជោ បានអំពាវនាវសូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ? នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរ សាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី។
សូមបញ្ជាក់ថា នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
តាមរយៈមូលនិធិនេះ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈចូលរួមយ៉ាងផុលផុស។
បរិច្ចាគថវិកា សម្រាប់មូលនិធិនេះសូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២» សម្រាប់បរិច្ចាគសាច់ប្រាក់។
បរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
លេខគណនីធនាគារទាំង៦ រួមមាន៖
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២ ៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤ ៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99(KHR) , 0001-05-559998-88 (USD)
៥ ៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002(KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232(USD)