ដុំពេជ្រធំជាងគេទី២លើពិភពលោក ត្រូវបានរកឃើញនៅប្រទេសបុតស្វាណា នៃទ្វីបអាហ្រ្វិក

ហ្កាបូរ៉ូន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុនរុករករ៉ែ Lucara Diamond Corp របស់កាណាដា បានប្រកាសឱ្យដឹងថា ដុំពេជ្រមួយទំហំរហូតដល់២,៤៩២ការ៉ាត់ ដែលធំបំផុតលំដាប់ទី២ នៅលើពិភពលោក ត្រូវបានរកឃើញ នៅក្នុងប្រទេសបុតស្វាណា នៃទ្វីបអាហ្រ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។

យោងតាមក្រុមហ៊ុន Lucara ដុំពេជ្រខាងលើ ត្រូវបានរកឃើញ នៅអណ្តូងរ៉ែរុករកពេជ្រ Karowe Diamond Mine នៃតំបន់​ភាគឦសានបុតស្វាណា តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាកាំរស្មីអ៉ិច ឬ X-ray។ ក្រុមហ៊ុន Lucara មិនបានបញ្ជាក់អំពីតម្លៃនៃដុំពេជ្រនោះ ឬមួយក៏កម្រិតគុណភាពរបស់វាឡើយ ប៉ុន្តែបើគិតពីទំហំការ៉ាត់ វាជាដុំពេជ្រធំជាងគេបង្អស់ លំដាប់ទី២ បន្ទាប់ពីដុំពេជ្រឈ្មោះ Cullinan ដែលមានទំហំ៣,០១៦ការ៉ាត់ និងត្រូវបានរកឃើញ នៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីឆ្នាំ១៩០៥។

គួរបញ្ជាក់ថា បុតស្វាណា គឺជាប្រទេសធំបំផុតមួយ នៅលើពិភពលោក ខាងផលិតពេជ្រ ដែលជាប្រភពចំណូលចម្បងរបស់ខ្លួន ហើយរ៉ាប់រងប្រមាណ៣០ភាគរយ នៃ GDP និង៨០ភាគរយ នៃការនាំចេញរបស់ប្រទេសអាហ្រិកមួយនេះ។ មុនការរកឃើញ​ដុំពេជ្រខាងលើ ដុំពេជ្រធំបំផុត ដែលត្រូវបានរកឃើញកន្លងមក នៅបុតស្វាណា គឺដុំពេជ្រមួយមានទំហំ១,៧៥៨ការ៉ាត់ ដែលរកឃើញ​ដោយក្រុមហ៊ុន Lucara នៅអណ្តូងរ៉ែ Karowe កាលពីឆ្នាំ២០១៩ មានឈ្មោះថា Sewelo។ រីឯកាលពីឆ្នាំ២០២១ ក្រុមហ៊ុន Lucara ក៏បានរកឃើញផងដែរ នូវដុំពេជ្រទំហំ ១,១៧៤ការ៉ាត់ នៅបុតស្វាណា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា X-ray៕