លោក ចូ បៃដិន ដាក់សម្ពាធលើលោក ណេតាន់យ៉ាហ៊ូ ពីតម្រូវការចំាបាច់នៃបទឈប់បាញ់ហ្កាហ្សា

Oplus_131072

(ហ្ស៊េរុយសាឡិម)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី២១ ខែសីហា បានដាក់សម្ពាធលើនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ជុំវិញភាពបន្ទាន់ក្នុងការចុះកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

សេតវិមាន បានឱ្យដឹងថាការអំពាវនាវខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទដែលមានការចូលរួមផងដែរពីលោកស្រី កាម៉ាឡា ហារីស បន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនអះអាងថាជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ យោធាអ៉ីស្រាអែល ភ្លាមៗក្រោយប្រមុខការទូតអាមេរិកបិទបញ្ចប់ទស្សនកិច្ចក្នុងតំបន់មជ្ឈិនបូព៌ាកាលពីថ្ងៃអង្គារកន្លងទៅនេះ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបញ្ជាក់ថាលោក បៃដិន បានសង្កត់ធ្ងន់ទៅកាន់លោក ណេតាន់យ៉ាហ៊ូ ពីភាពបន្ទាន់នៃការសម្រេចឱ្យបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងបានពិភាក្សាគ្នាពីកិច្ចចរចានាចុងសប្ដាហ៍នេះក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីទម្លុះភាពជាប់គាំង នៅសេសសល់។

គួរបញ្ជាក់ថា ក្រុមអ្នកសម្របសម្រួលកិច្ចចរចាមកពីសហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នាជាថ្មីក្នុងទីក្រុងគែរ នៅចុងសប្ដាហ៍នេះ ខណៈអ៉ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃពុធ នៅតែប្រកាន់ភ្ជាប់រៀងៗខ្លួននូវសំណើរបស់ពួកគេ៕