កំណើនសេដ្ឋកិច្ចថៃស្ទុះងើបលឿនក្នុងត្រីមាសទី២ ខណៈការប្រើប្រាស់និងវិស័យទេសចរណ៍កើនឡើង

(បាងកក)៖ សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើងក្នុងល្បឿនលឿននៅក្នុងត្រីមាសទី២ ដោយសារការប្រើប្រាស់ ទេសចរណ៍ និងការនាំចេញស្ទុះងើបកាន់តែខ្ពស់ ហើយរដ្ឋាភិបាលថៃបានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចរយៈពេលពេញមួយឆ្នាំរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកសង់ទិន្ន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) របស់ប្រទេសថៃកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើង ២,៣ភាគរយនៅក្នុងត្រីមាសដែលគិតចាប់ពីខែមេសាដល់ខែមិថុនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគដែលថាកើនឡើងតែ ២,១ភាគរយនៅក្នុងការស្ទង់មតិរបស់រ៉យទ័រ។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១,៦ភាគរយ។

បើធៀបនឹងត្រីមាសវិញ សេដ្ឋកិច្ចថៃបានកើនឡើង ០,៨ភាគរយនៅក្នុងត្រីមាសទីពីរ ទាបជាងកំណើន១,២ភាគរយនៅត្រីមាសទី១ និងទាបជាងការព្យាករស្ទង់មតិដែលមានកំណើន ០,៩ភាគរយ។

ក្រុមប្រឹក្សា NESDC បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការប្រើប្រាស់ឯកជនបានបន្តកើនឡើងនៅក្នុងត្រីមាសទីពីរ ប៉ុន្តែការវិនិយោគសាធារណៈនិងឯកជនបានធ្លាក់ចុះ។ NESDC រំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបនឹងមានចន្លោះពី ២,៣ភាគរយទៅ ២,៨ភាគរយនៅឆ្នាំនេះ ដែលបានកែសម្រួលពីការព្យាករមុនរបស់ខ្លួនដែលមានពី ២ភាគរយទៅ ៣ភាគរយ។ កំណើនសេដ្ឋកិច្ចថៃកាលពីឆ្នាំមុន កើនឡើង ១,៩ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕