លោក ចូ បៃដិន៖ បទឈប់បាញ់ហ្កាហ្សា អាចបញ្ឈប់អ៉ីរ៉ង់ កុំឱ្យសងសឹកអ៉ីស្រាអែល

Oplus_131072

(ដែនដីប៉ាឡេស្ទីន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី១៣ ខែសីហា បាននិយាយថាកិច្ចព្រមព្រៀងបទឈប់បាញ់មួយ នៅក្នុងតំបន់ហ្កាហ្សាអាចនឹង បញ្ឈប់កុំឱ្យអ៉ីរ៉ង់បើកការវាយប្រហារលើអ៉ីស្រាអែល ជាការសងសឹកទៅនឹងការសម្លាប់មេដឹកនាំហាម៉ាសម្នាក់ ដែលកំពុងរុញច្រានតំបន់ទំាងមូលធ្លាក់ចូលក្នុងហានិភ័យផ្ទុះ សង្រ្គាមទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

ការអត្ថាធិប្បាយរបស់លោក ចូ បៃដិន ធ្វើឡើងបន្ទាប់ពីអ៉ីរ៉ង់ច្រានចោលការអំពាវនាវពីលោកខាងលិច ឱ្យបោះបង់ចោលការគំរាមសងសឹករបស់ខ្លួនប្រឆាំងនឹងអ៉ីស្រាអែល។ អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់មេដឹកនាំហាម៉ាស លោក Ismail Haniyeh កាលពីថ្ងៃ៣១ ខែកក្កដា អំឡុងពេលរូបលោក ធ្វើទស្សនកិច្ចក្នុងទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៉ីរ៉ង់ថ្មី លោក Masoud Pezeshkian។ ប៉ុន្តែ អ៉ីស្រាអែលមិនបាន ធ្វើអត្ថាធិប្បាយអ្វីទេ។ អ៉ីរ៉ង់បានសន្យាថានឹងសងសឹកអ៉ីស្រាអែល ហើយការសន្យានេះដែរកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការវាយប្រហារតាមផ្លូវអាកាសមួយរបស់ អ៉ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា មានមូលដ្ឋានក្នុងប្រទេសលីបង់ និងជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។

នៅពេលត្រូវបានសាកសួរថាតើបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស អាចបញ្ឈប់ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់បានដែរឬក៏យ៉ាងណា? លោក បៃដិន បានឆ្លើយតបទៅវិញថា «នេះជាការរំពឹងទុករបស់ខ្ញុំ»។ លោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុង New Orleans ទៀតថាខណៈកិច្ចចរចាជួបការលំបាកលំបិន ក៏លោកមិន បានបោះបង់ចោលនោះទេ៕