សហរដ្ឋអាមេរិក យល់ព្រមលក់អាវុធ មានទំហំទឹកប្រាក់ ២០ពាន់លានដុល្លារ សម្រាប់អ៉ីស្រាអែល

Oplus_131072

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី១៣ ខែសីហា បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ជាង ២០ពាន់លានដុល្លារ ទៅឱ្យអ៉ីស្រាអែល ទោះបីជាមានការជំទាស់ និងសម្ពាធពីក្រុមអង្គការសិទ្ធិមនុស្សដែលទាមទារកុំឱ្យផ្គត់ផ្គង់អាវុធ ដោយសារតែការកើនឡើងជនស៊ីវិលស្លាប់ នៅក្នុង សង្រ្គាមហ្កាហ្សា ជារៀងរាល់ថ្ងៃក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

ការលក់អាវុធទៅឱ្យអ៉ីស្រាអែល កើតមានឡើងចំពេលលោក បៃដិន កំពុងដាក់សម្ពាធលើអ៉ីស្រាអែល និងហាម៉ាសឱ្យទទួលយកបទឈប់បាញ់បិទបញ្ចប់សង្រ្គាម អូសបន្លាយពេលជាង១០ខែមកនេះ។ នៅក្នុងសេចក្ដីជូនដំណឹងមួយទៅកាន់សភាទាំង២ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថាខ្លួនបានអនុម័តការលក់អាវុធ យន្ដហោះចម្បាំង F-15 ចំនួន៥០គ្រឿង ក្នុងទំហំទឹកប្រាក់ ១៨.៨២ពាន់លានដុល្លារ រួមទាំងបរិក្ខារយោធាមួយចំនួនទៀតសម្រាប់អ៉ីស្រាអែល។ ប៉ុន្តែ ការប្រគល់ យន្ដហោះចម្បាំងទាំងនេះនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅឆ្នាំ២០២៩ ឯណោះ។

គួរបញ្ជាក់ថា ប្រឈមមុខនឹងសម្ពាធ និងការរិះគន់ពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្ស រដ្ឋាភិបាលរបស់លោក ចូ​ បៃដិន បានផ្អាកការបញ្ជូនគ្រាប់បែកមួយចំនួន ទៅឱ្យ យោធាអ៉ីស្រាអែល។ ប៉ុន្តែ បានបញ្ជាក់ថានេះមិនមែនជាការបញ្ឈប់បញ្ជូនអាវុធនោះទេ ហើយសហរដ្ឋអាមេរិក នៅតែមានការប្ដេជ្ញាចិត្តឥតងាករេក្នុងការការពារ អ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន៕