(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថាចិនគាំទ្រអ៉ីរ៉ង់ នៅក្នុងកិច្ចការការពារអធិបតេយ្យ សន្តិសុខ និងសេចក្ដីថ្នូររបស់ជាតិ នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស្ដីទីអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមក្រសួងការបរទេសចិន នៅក្នុងកិច្ចសន្ទនានោះដែរ លោក វ៉ាង យី បានលើកឡើងជាថ្មីពីការថ្កោលទោសរបស់ទីក្រុងប៉េកាំង ចំពោះការវាយប្រហារសម្លាប់មេដឹកនាំ នយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ជាមួយការបញ្ជាក់ថាការវាយប្រហារនេះបានរំលោភលើអធិបតេយ្យ របស់អ៉ីរ៉ង់ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។
ក្រសួងការបរទេសចិនបានបន្ថែមទៀតថា លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ស្ដីទី លោក Ali Bagheri Kani ថាការសម្លាប់លោក Haniyeh បានបំផ្លាញដោយ ផ្ទាល់ដល់កិច្ចចរចាស្វែងរកបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សា ព្រមទាំងបំផ្លាញស្ថិរភាព និងសន្តិសុខក្នុងតំបន់។ «ចិនគាំទ្រអ៉ីរ៉ង់នៅក្នុងកិច្ចការ ការពារអធិបតេយ្យ សន្តិសុខ និងសេចក្ដីថ្លៃថ្នូររបស់ជាតិ អនុលោមតាមច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចប្រឹងប្រែងនៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ នេះជាការលើកឡើងរបស់លោក វ៉ាង យី ដោយបន្ថែមថាចិនត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់។
អ៉ីរ៉ង់ និងក្រុមហាម៉ាស បានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Ismail Haniyeh តែអ៉ីស្រាអែលមិនបានប្រកែក ហើយក៏មិនបានទទួលស្គាល់នោះដែរ។ ព្រមពេលជាមួយគ្នា អ៉ីរ៉ង់បានគំរាមថានឹងសងសឹកអ៉ីស្រាអែលវិញ៕