(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំសហការីនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើស្រុកស្ទោង ខេត្តកំពង់ធំ។
ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ ធ្វើឡើងនាថ្ងៃទី១១ ខែសីហាឆ្នាំ ២០២៤។ ក្នុងឱកាសនោះ លោក ជា វ៉ាន់ចាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក ហ៊ុន ម៉ានី ក៏ដូចជាលោក នួន ផារ័ត្ន ដែលលោកតែងតែមានការនឹករលឹកដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានជានិច្ច។
ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋជាពិសេស បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃគ្រប់មូលដ្ឋាន។
លើសពីនេះលោក បានកោតសរសើរខ្ពស់ដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកនិងសហការី ដែលតែងតែ ផ្ដល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធច្រើនស្អេកស្កះក៏ដូចជាដឹកនាំក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្ទោងធ្វើសកម្មភាពមនុស្សធម៌បានយ៉ាងសកម្មនិងជោគជ័យខ្ពស់។
ទន្ទឹមនឹងនេះដែរ លោក សាយ គឹមឡម ក្នុងនាមអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ហ៊ុននម៉ានី អាជ្ញាធរខេត្តកំពង់ធំ បានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យព្យាបាលជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិស្រុកស្ទោងនៅក្នុងឱកាសនេះ។
សូមបញ្ជាក់ថាការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុងឱកាសនេះគឺមានអ្នកជម្ងឺសរុបចំនួន២៨៣នាក់ ស្រី១៧២ និងមានការអញ្ជើញចូលរួមរបស់ក្រុមគ្រូពេទ្យសរុប២១នាក់ ស្រី៥នាក់ ស.ស.យ.ក ១៩នាក់ និងស្រី៦នាក់៕