ធ្លាក់យន្ដហោះដឹកអ្នកដំណើរ សម្លាប់មនុស្សជិះនៅលើនោះទាំងអស់ ៦១នាក់ នៅប្រេស៊ីល

Oplus_131072

(SAO PAULO)៖ ក្រុមមន្ត្រីក្នុងប្រទេសប្រេស៊ីល បានឱ្យដឹងថាគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង នៅក្បែរទីក្រុង Sao Paulo កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានសម្លាប់ មនុស្សជិះនៅលើនោះទាំងអស់ ៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

តាមក្រុមមន្ត្រីប្រេស៊ីល យន្ដហោះដឹកអ្នកដំណើរខាងលើ បានហោះចេញពីអាកាសយានដ្ឋានទីក្រុង Cascavel នៃរដ្ឋ Parana ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង Sao Paulo ហើយបានធ្លាក់នៅម៉ោងប្រហែលជា ១៖៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង Vinhedo ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគពាយព្យទីក្រុង Sao Paulo។ វីដេអូដែលត្រូវបាន ចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម ក៏បានបង្ហាញដែរថាយន្ដហោះធុន ATR-72 បានបាត់បង់ម្ចាស់ការភ្លាមៗ និងបានដាំក្បាលចុះក្រោមធ្លាក់ទៅបុកដើមឈើ មានផ្ទះនៅក្បែរនោះ ហើយក៏ផ្ទុះឆេះតែម្ដង។ តែមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសផ្សេងទៀតនៅលើដីនោះទេ។

គួរបញ្ជាក់ថា យន្ដហោះ ATR-72 ខាងលើមានដឹកអ្នកដំណើរ ៥៧នាក់ និងអាកាសយាននិក ៤នាក់ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលធ្វើឱ្យយន្ដហោះនេះធ្លាក់។ រដ្ឋាភិបាលប្រេស៊ីល ក៏បានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ផងដែរ៕