ការវិនិយោគបរទេស ក្នុងវិស័យអចលនទ្រព្យវៀណាមកើនឡើងខ្លាំង ក្នុងរយៈពេល ៧ខែក្នុងឆ្នាំនេះ

Oplus_131072

(ហាណូយ)៖ ក្រសួងផែនការ និងការវិនិយោគវៀតណាមបានឱ្យដឹងថា វិនិយោគិនបរទេសបានចាក់បញ្ចូលទឹកប្រាក់ជាង ២,៨៧ពាន់លានដុល្លារ ចូលទៅក្នុងទីផ្សារអចលនទ្រព្យវៀតណាម ក្នុងអំឡុងពីខែមករាដល់ខែកក្កដា កើនឡើង ៧៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត Vietnam News របស់វៀតណាម។

Oplus_131072

កាសែត Vietnam News បានរាយកាណ៍ថា ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការបានឱ្យដឹងថា វិនិយោគិនបរទេសបានចាក់បញ្ជូលទឹកប្រាក់របស់ពួកគេ នៅក្នុងវិស័យសេដ្ឋកិច្ចចំនួន១៨ ក្នុងចំណោមវិស័យសេដ្ឋកិច្ចទាំង២១ ដោយឧស្សាហកម្មកែច្នៃ និងផលិតកម្មបានទាក់ទាញចំណែកច្រើនជាងគេគឺ ១២,៦៥ពាន់លានដុល្លារ ឬ ៧០,៣% នៃការវិនិយោគសរុប។

ឧស្សាហកកម្មអចលនទ្រព្យទទួលបានចំណាត់ថ្នាក់ទី២។ ដើមទុនចុះបញ្ជីថ្មី សរុបនៅក្នុងទីផ្សារអចលនទ្រព្យមានចំនួន ១,៩៤ពាន់លានដុល្លារ ខណៈដែលទឹកប្រាក់ចំនួន ១,១៤ពាន់លានដុល្លារត្រូវបានបញ្ចេញមកវិនិយោគ ក្នុងអំឡុងពេលប្រាំពីរខែដំបូងក្នុងឆ្នាំនេះ។

ក្រុមអ្នកជំនាញមកពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បាននិយាយថា វៀតណាមមានឱកាសស្វាគមន៍រលកទីបួន នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាចម្បងទៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ដូចជាអេឡិចត្រូនិក គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត និងថាមពលកកើតឡើងវិញដែលការអភិវឌ្ឍរស័យទាំងនេះ មានផលជះផ្ទាល់លើឧស្សាហកម្មអចលនទ្រព្យ ដោយសារការកើនឡើងតម្រូវការឃ្លាំង។

លោក Thomas Rooney អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Savills Ha Noi បាននិយាយថា ចាំបាច់ត្រូវដោះស្រាយបញ្ហាថាមពល នៅសួនឧស្សាហកម្ម ដើម្បីរក្សាភាពទាក់ទាញនាពេលខាងមុខ។

មូលធនបរទេសចុះបញ្ជីសរុបនៅវៀតណាម ក្នុងអំឡុងខែមករាដល់ខែកក្កដា មានចំនួនជាង ១៨ ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាម កើនឡើង ១០,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទឹកប្រាក់ដែលបានវិនិយោគរួចហើយមានចំនួនជាង ១២,៥៥ពាន់លានដុល្លារ កើនឡើង ៨,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិនិយោគិនបរទេសបានចាក់បញ្ចូលទឹកប្រាក់ចំនួន ១០,៧៦ពាន់លានដុល្លារក្នុងគម្រោងថ្មីចំនួន ១ ៨១៦គម្រោង កើនឡើង ៣៥,៦% និង ១១,៦% ភាគរយរៀងគ្នា។ នេះបើយោងតាមកាសែត Vietnam News៕