(សេអ៊ូល)៖ កូនស្រីសំណព្វរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងទទួលបានការបណ្ដុះបណ្ដាលពីរបៀបដឹកនាំប្រទេស នៅក្រោមការលើកតម្កើងយ៉ាងឆាប់រហ័ស សម្រាប់ក្មេងស្រីរូបនេះដែលបានបង្ហាញខ្លួនជាសាធារណៈកាលពីជាង២ឆ្នាំមុន។ នេះបើតាមចារកម្មកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង National Intelligence Service ឬ NIS បានប្រាប់សមាជិកសភាក្នុងសម័យប្រជុំបិទទ្វារកាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដាថាក្មេងស្រី Ju Ae ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ចាត់ទុកថាជាកូនស្រីសំណព្វ និងគួរឱ្យគោរពរបស់លោក គីម ជុងអ៊ុន គឺជាបេក្ខជនម្នាក់ដែលនឹងក្លាយជាអ្នកបន្តវេនបន្ទាប់ នៅក្នុង គ្រួសារគីម ដែលបានដឹកនាំប្រទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៤០មក។
លោក Lee Seong-kweun ជាសមាជិកសភាមកពីគណបក្សកាន់អំណាច People Power Party ក៏បានប្រាប់អ្នកសារព័ត៌មានក្រោយចប់សម័យប្រជុំសភាដែរថា «កូរ៉េខាងជើង បានជ្រើសរើស Kim Ju Ae ជាបេក្ខជនបន្តវេននៅក្នុងពេលនេះ និងកំពុងរៀនសូត្រពីរបៀបដឹកនាំប្រទេសបន្តពីឪពុក»៕