(បេរូត)៖ ជើងហោះហើរមួយចំនួននៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបេរូត នៃប្រទេសលីបង់ ត្រូវបានលុបចោល ឬពន្យារពេល ដោយក្រុមហ៊ុនអាកាសចរណ៍លីបង់ Middle East Airlines (MEA) បាននិយាយថាផលរំខាននេះមានជាប់ពាក់ព័ន្ធនឹងហានិភ័យធានារ៉ាប់រង ខណៈភាពតានតឹងកើនឡើងកាន់តែក្ដៅរវាងអ៉ីស្រាអែល និងក្រុម Hezbollah។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24 ក្រុមអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានលុបចោលជើងហោះហើរចំនួន៣ឆ្ពោះទៅកាន់ទីក្រុងបេរូត ដែល មានកាលវិភាគនៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដានេះ។ Flightradar24 បានឱ្យដឹងទៀតថាក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines បានលុបចោលជើងហោះហើរ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈក្រុមហ៊ុនអាកាសចរណ៍ក្រិក Aegean Airlines ក្រុមហ៊ុន Ethiopian Air និងក្រុមហ៊ុនអាកាសចរណ៍ Middle East Airlines របស់លីបង់ សុទ្ធតែបានលុបចោលជើងហោះហើរដែលមានកាលវិភាគចុះចតនៅទីក្រុងបេរូត នៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គ្រាប់រ៉ុក្កែតមួយគ្រាប់បានផ្ដាច់ជីវិតមនុស្ស ១២នាក់ នៅក្នុងតំបន់ Golan Heights គ្រប់គ្រងដោយអ៉ីស្រាអែល ដោយបង្កឱ្យមាន ការព្រួយបារម្ភពីហានិភ័យនៃការផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ អ៉ីស្រាអែល និងសហរដ្ឋអាមេរិកចោទប្រកាន់ថាការវាយប្រហារនេះគឺស្នាដៃរបស់ក្រុម Hezbollah តែចលនាប្រដាប់អាវុធមានមូលដ្ឋានក្នុងប្រទេសលីបង់មួយនេះបានទាត់ចោលការចោទប្រកាន់នេះ។
ជាងនេះទៅទៀត ការព្រួយបារម្ភកើនឡើងរឹតតែខ្លាំង បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា បានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ចាត់វិធានការសងសឹកប្រឆាំងនឹងក្រុម Hezbollah៕