នាយរដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez ប្រាប់កិច្ចប្រជុំណាតូថា មិនគួរមានការអនុវត្តស្តង់ដារពីរ ជុំវិញសង្រ្គាមហ្កាហ្សា

(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីនៃប្រទេសអេស្ប៉ាញ លោក Pedro Sanchez បានអំពាវនាវដល់លោកខាងលិចកុំអនុវត្តស្តង់ដារពីរ ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា ខណៈដែលលោកសម្តែងការគាំទ្រចំពោះអ៊ុយក្រែន រួមជាមួយមេដឹកនាំសមាជិកណាតូផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។

លោក Sanchez បានប្រាប់កិច្ចប្រជុំកំពូលលើកទី ៧៥របស់អង្គការណាតូ (NATO) នៅទីក្រុងវ៉ាស៉ីនតោន យ៉ាងដូច្នេះថា «ប្រសិនបើយើងប្រាប់ប្រជាជនថា យើងកំពុងគាំទ្រអ៊ុយក្រែនពីព្រោះយើងចង់ការពារច្បាប់អន្តរជាតិ ដូច្នេះវាក៏ជាអ្វីដែលយើងត្រូវធ្វើ សម្រាប់តំបន់ហ្កាហ្សាដែរ។ ដូចមេដឹកនាំសង្គមនិយមលើកឡើងថា គួរតែមានការប្រកាន់គោលជំហរនយោបាយជាប់លាប់ ដូច្នេះក៏មិនត្រូវឱ្យមានការអនុវត្តស្តង់ដារពីរដែរ»។ លោក Sanchez បន្ថែមថា ពិភពលោកចាំបាច់ត្រូវបញ្ឈប់វិបត្តិមនុស្សធម៌ដ៏អាក្រក់ ហើយអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិ ដើម្បីជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីន។

គួរបញ្ជាក់ថា អេស្ប៉ាញក្រោមការដឹកនាំរបស់ លោក Sanchez បានធ្វើឱ្យរដ្ឋាភិបាលស្តាំនិយមអ៉ីស្រាអែលខឹងសម្បារ ដោយសារតែការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងការរិះគន់សកម្មភាពរបស់អ៉ីស្រាអែល ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស៕