ពិធីប្រគល់ប័ណ្ណសរសើរ ជូនឃុំ.សង្កាត់ និងប៉ុស្តិ៍នគរបាលដែលទទួលបានជ័យ លាភីក្នុងការអនុវត្តគោលនយោបាយភូមិ.ឃុំ សង្កាត់ មានសុវត្ថិភាព

កោះកុង÷ លោកជំទាវ មិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ អមដោយថវិកាជ័យលាភី របស់ ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ.សង្កាត់ ទាំង ២៩ នៃរដ្ឋបាលខេត្ត ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៣ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤ នៅសល់មហោស្រពខេត្តកោះកុង។

ថ្លែងក្នុងពិធីប្រគល់ប័ណ្ណសរសើរ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលឃុំ សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង២៩ ដែលបានសហការ និងបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយ ភូមិ.ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់នូវសេវាសាធារណៈនៅក្នុងមូលដ្ឋានក្នុងឆ្នាំ២០២៣ បានល្អប្រសើរ។

លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា ÷ ការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ជាកត្តាគន្លឹះដ៏សំខាន់ ដែលផ្តល់ភាពងាយស្រួល ដល់ដំណើរការអភិវឌ្ឍន៍មូលដ្ឋាន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗជាច្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្តបានជំរុញ ដល់រដ្ឋបាលឃុំ សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុក ដាក់បន្ថែម និងពន្លឿនការអនុវត្តការងារពិសេស បញ្ហាប្រឈម និងកិច្ចការសំខាន់ៗនានាជាច្រើនទៀត ដែលនៅសេសសល់ នៅក្នុងមូលដ្ឋាន ត្រូវតែបន្តពុះពារអនុវត្តឱ្យបានល្អក្នុងឆ្នាំ២០២៤ និងឱ្យមានការចូលរួមគាំទ្រកាន់តែច្រើនជាមួយរាជរដ្ឋា ភិបាលក្នុងការលើកកម្ពស់ និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយ កសាងកម្លាំង  សរុប វិធានការសរុប និងមធ្យោបាយសរុប គ្រប់អ្នកពាក់ព័ន្ធ ក្នុងការអនុវត្តគោលន យោបាយភូមិ.ឃុំ សង្កាត់ មានសុវត្ថិភាព អោយទទួលបានលទ្ធផលល្អបំផុតសម្រាប់ឆ្នាំបន្តរបន្ទាប់។

តាមរយៈពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរនាពេលនេះក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញផែនការសកម្មភាព បន្តរដូចជា÷
– បន្តការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឲ្យបានទូលំទូលាយដល់ ប្រជាពលរដ្ឋគ្រប់រូបគ្រប់ភូមិ ឃុំ សង្កាត់ និងបណ្តាអង្គការសង្គមស៊ីវិលទូទាំងខេត្ត។
– ជំរុញ និងបង្កើនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងតាមសំណូមពរដែលប្រជាពលរដ្ឋស្នើសុំក្នុងវេទិកាខេត្ត ក្រុង ស្រុក។
– បន្តផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងជំរុញការដាក់ស្លាកសញ្ញាចរាចរណ៍តាមគោលដៅសំខាន់ លើកំណាត់ផ្លូវជាតិលេខ៤៨ ដែលកំពុងជួសជុល លើកកម្រិតគុណភាពផ្លូវ ។
– ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចចុះត្រួតពិនិត្យជាប្រចាំលើការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
– យកចិត្តទុកដាក់ចាត់តាំងអនុវត្តនូវបណ្តាវិធានការ ស្តីពីការលុបបំបាត់បទល្មើស និងគ្រោះថ្នាក់សង្គម ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិទាំង ០៧យ៉ាងនៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព” ឲ្យមានប្រសិទ្ធភាពខ្ពស់។


– រៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
– រៀបចំផែនការ និងត្រៀមបង្ការដោះស្រាយបញ្ហាគ្រោះធម្មជាតិ ។
– បន្តចុះបង្ក្រាបសកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋានទូទាំងខេត្តជាប្រចាំ។
– បន្តធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរ អង្គភាពទូទាំងខេត្ត។
– បន្តធ្វើសកម្មភាពត្រួតពិនិត្យរដ្ឋបាលលើរថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរនៅតាមគោលដៅ សំខាន់ៗ ដូចជាច្រកទ្វារអន្តរជាតិចាំយាម ចំណុចផ្លូវអូរស្រីស្រណោះ ចំណុចឃុំត្រពាំងរូង និងចំណុចឃុំបឹងព្រាវ។

ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ដាស់តឿនដល់ អាជ្ញាធរឃុំ.សង្កាត់ កុំចុះហត្ថលេខា លើដីដែលជាដីគ្រប់គ្រងរបស់រដ្ឋ ដីសាធារណៈរបស់រដ្ឋ និងដីដែលការពារដោយបរិស្ថាន បើមានការចុះហត្ថលេខានៅលើដីទាំង នោះ ត្រូវទទួលខុសត្រូវដោយខ្លួនឯង។
ចំពោះគ្រឿងញៀន កុំពាក់ព័ន្ធ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត កុំប្រើប្រាស់ កុំអន្តរាគមន៍ កុំរារាំង ការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះ បីជាក្រុមគ្រួសារ ឬសាច់ញាតិរបស់យើង និងមិត្តភក្កិក៏ដោយ។
កុំលើកលែង កុំបន្ធូរបន្ថយ សមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

សូមបញ្ជាក់ថា ជាលទ្ធផល តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ឃុំសង្កាត់ទាំង២៩ នៃខេត្តកោះកុង ទទួលបាន ប័ណ្ណសរសើរ ជ័យលាភី ប្រភេទលេខ១ចំនួន១៥ ឃុំ- សង្កាត់ ប្រភេទលេខ២ ចំនួន ១២ ឃុំ- សង្កាត់ និងប្រភេទលេខ៣ ចំនួន ២ ឃុំ- សង្កាត់ ៕ ដោយ សេន ពិសិដ្ឋ