ប្រធានរដ្ឋសភាហ្វីលីពីន ផ្ញើសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ លោក ហ្រ្វេនសីស ជោសេប ជី អេសស្តូដេរ៉ូ ប្រធានរដ្ឋសភាគុយបា បានផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លិខិតរបស់លោក ហ្រ្វេនសីស ជោសេប ជី អេសស្តូដេរ៉ូ ដែលទទួលបាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ មានខ្លឹមសារដូច្នេះថា៖

ក្នុងឱកាសខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរបស់យើងកាលពីឆ្នាំមុន ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលប្រទេសយើងទាំងពីរបានប្រារព្ធព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ស្របពេលដែលប្រទេសយើងនៅតែរក្សាបាននូវការប្ដេជ្ញាចិត្តដ៏រឹងមាំ ក្នុងការធ្វើឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

ខ្ញុំមានសុទិដ្ឋិនិយមថា ប្រទេសយើងទាំងពីរនឹងពង្រីកឱ្យកាន់តែទូលំទូលាយ នូវទំនាក់ទំនងក្នុង ក្របខណ្ឌសភា រវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងព្រឹទ្ធសភានៃសាធារណរដ្ឋហ្វីលីពីន ដែលជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគីរបស់ប្រទេសទាំងពីរ។ ជាការពិតណាស់ ទំនាក់ទំនងអន្តរសភាអាចជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍ជាវិជ្ជមាន ក្នុងវិស័យមួយចំនួនដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការពារ និងសន្តិសុខ សង្គម-វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។

ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងសូមប្រសិទ្ធពរជ័យជូន សម្តេច ទទួលបានជោគជ័យ សម្រាប់តួនាទីថ្មីក្នុងការដឹកនាំប្រទេសជាតិ។
សូម សម្តេច មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕