គណបក្សស្ដាំនិយមជ្រុល ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសភាបារាំងជុំទី១

Oplus_131072

(ប៉ារីស)៖ គណបក្ស National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី១ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ប៉ុន្តែលទ្ធផលចុងក្រោយ នឹងអាស្រ័យលើការចរចាខាងនយោបាយក្នុងពេលប៉ុន្មានថ្ងៃនេះ មុនចូលដល់ការបោះឆ្នោតជុំទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។

Oplus_131072

បើតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយស្ថាប័ន Ipsos, Ifop, OpinionWay និង Elabe គណបក្ស RN ទទួលបានសំឡេងគាំទ្រ ៣៤ភាគរយនៃសន្លឹកឆ្នោតសរុប ហើយដែលជ័យជម្នះនេះ គឺជាបរាជ័យមួយសម្រាប់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលជាអ្នកអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ក្រោយគណបក្សរបស់លោកចាញ់ក្រោមថ្វីដៃ គណបក្សស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីដើមខែមិថុនាកន្លងទៅ។ លទ្ធផលបោះឆ្នោតដដែល បានបង្ហាញដែរថាគណបក្ស RN បាននាំមុខក្រុមគណបក្សអ្នកឆ្វេងនិយម និងកណ្ដាលនិយម ក្នុងរួមទាំងសម្ព័ន្ធ Together alliance របស់លោក ម៉ាក្រុង ដែលទទួលបានសំឡេងគាំទ្រពី ២០.៥ ដល់២៣ភាគរយ ខណៈសម្ព័ន្ធគណបក្សឆ្វេងនិយម The New Popular Front (NFP) ទទួលបានសំឡេងគាំទ្រ ២៩ភាគរយ៕