កូរ៉េខាងត្បូង និងជប៉ុន ប្តេជ្ញាចាត់វិធានការការពាររូបិយប័ណ្ណរបស់ខ្លួន

Oplus_131072

(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង និងជប៉ុន បានបើកកិច្ចប្រជុំទ្វេភាគីនៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ ដើម្បីបង្ហាញក្តីបារម្ភរួមគ្នាអំពីការធ្លាក់ចុះយ៉ាងខ្លាំង នៃតម្លៃរូបិយប័ណ្ណរបស់ពួកគេ និងបានប្តេជ្ញាចាត់វិធានការការពារប្រាក់វ៉ុន និងប្រាក់យ៉េន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

Oplus_131072

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយរួមថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki ឱ្យដឹងថា ពួកខ្លួន «មានការព្រួយបារម្ភខ្លាំងដូចគ្នា អំពីការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ របស់ប្រទេសទាំងពីរ ហើយនឹងចាត់វិធានការសមស្របបើចាំបាច់»

កិច្ចប្រជុំកាលពីថ្ងៃអង្គារធ្វើឡើងបន្ទាប់ពី មានកិច្ចប្រជុំត្រីភាគីខែមេសារវាងរដ្ឋមន្ត្រីទាំពីរ និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាទីដែលរដ្ឋមន្ត្រីទាំងពីរទទួលបានការទទួលស្គាល់ ពីសំណាក់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen អំពីកង្វល់រូបិយប័ណ្ណរបស់ពួកគេ។

ការលើកឡើងអំពីការព្រួយបារម្ភ ក្នុងកិច្ចប្រជុំទ្វេភាគីនេះ នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយទីផ្សារ។ ប្រាក់យ៉េនកំពុងធ្លាក់ថ្លៃជិតដល់ ១៦០យ៉េនក្នុងមួយដុល្លារ។ កម្រិត ១៦០យ៉េននេះ ដែលកើតមាននៅដើមឆ្នាំនេះ បានជំរុញឱ្យអាជ្ញាធរជប៉ុនធ្វើអន្តរាគមន៍ ដើម្បីគាំទ្ររូបិយប័ណ្ណរបស់ខ្លួន ខណៈដែលប្រាក់វ៉ុនធ្លាក់ចុះប្រហែល ៧ភាគរយធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ ដល់កម្រិតសំខាន់គឺ ១ ៤០០វ៉ុនក្នុងមួយដុល្លារនេះ។

លោក Choi រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា៖ «ប្រទេសទាំងពីរបានក្លាយជាអ្នកជិតខាងដ៏ជិតស្និទ្ធ»។ លោកបានបន្ថែមថា៖ «កាលពីឆ្នាំមុន ប្រទេសទាំងពីរបានបន្តកិច្ចព្រមព្រៀង ផ្លាស់ប្តូររូបិយប័ណ្ណ និងបានយល់ដូចគ្នាពីសារៈសំខាន់ នៃការប្រែប្រួលទីផ្សារហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស ដោយផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់គ្នាទៅវិញទៅមក»

សេចក្តីប្រកាសព័ត៌មាននេះ អាចជំរុញឱ្យមានការរំពឹងទុកថា មន្ត្រីជប៉ុន និងកូរ៉េអាចធ្វើអន្តរាគមន៍សម្របសម្រួល ខណៈដែលប្រាក់ដុល្លារ នៅតែបន្តឡើងថ្លៃ ក្នុងគ្រាដែលសេដ្ឋកិច្ចអាមេរិក មានភាពធន់ដ៏គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕