(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ សម្រាប់ឧបត្ថម្ភដល់សិល្បករ សិល្បការិនី ដែលបានសម្តែងសិល្បៈអបអរសាទរថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ហើយដែលព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្ដមខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងប្រើប្រាស់សម្រាប់សាងសង់ផ្ទះ និងអណ្តូងទឹកស្អាតជូនចាស់ឥតទីពឹង និងប្រជានុរាស្រ្តក្រីក្របំផុតនៅតាមជនបទ។
ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយយ៉ាងក្រៃលែង និងសូមថ្វាយអំណរព្រះរាជគុណ ចំពោះព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 20,000USD (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ឧបត្ថម្ភដល់សិល្បករ សិល្បការិនី ដែលបានសម្ដែងសិល្បៈអបអរសាទរថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា សម្ដេចព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមក្រាបបង្គំទូលថ្វាយថា កាកបាទក្រហមកម្ពុជាបានចាត់ចែង ដោះស្រាយឧបត្ថម្ភរួចហើយជូនសិល្បករ សិល្បការិនី រួមទាំងក្រុមការងារទាំងអស់ ដែលបានផលិតទស្សនីយភាពសិល្បៈរបាំ និងចម្រៀង ថ្វាយព្រះពរ កាលពីថ្ងៃ១៧-១៨-១៩ មិថុនា កន្លងទៅ។
អាស្រ័យដូចបានទូលថ្វាយនេះ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្តមខាងលើនេះ សម្រាប់សាងសង់ផ្ទះ និងអណ្តូងទឹកស្អាតជូនចាស់ជរាឥតទីពឹង និងប្រជានុរាស្ត្រក្រីក្របំផុតនៅតំបន់ជនបទ។
ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះ មេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់សម្រាប់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោនតរៀងទៅ»៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖