តុលាការ ចេញដីកាឃុំខ្លួនឧក្រិដ្ឋជនជាតិបរទេស ៥នាក់ ដាក់ពន្ធនាគារក្រោយកម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន និងរឹបអូសគ្រឿងញៀនបានជិត១៥០គីឡូក្រាម

ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនឧក្រិដ្ឋជនចំនួន៥នាក់ ម្នាក់ជាជនជាតិជប៉ុន និង៤នាក់ទៀត ជាជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារបណ្តុះអាសន្ន ក្រោយពីកម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបខណៈទ្រង់ទ្រាយធំ និងរឹបអូសគ្រឿងញៀនបានជិត១៥០គីឡូក្រាម។

គួរឱ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការចោទប្រកាន់ជនបរទេសចំនួន៥នាក់ (ជប៉ុនម្នាក់ និងចិនតៃវ៉ាន់៤នាក់) ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ១៤៨គីឡូក្រាម ដែលត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបានលក្ខណៈទ្រង់ទ្រាយធំប្រចាំឆ្នាំ២០២៤។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្រុមឧក្រិដ្ឋជន និងថ្នាំញៀនទាំងនេះ ត្រូវបានសមត្ថកិច្ច នៃកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះបង្ក្រាបនៅគោលដៅចំនួន៤រួមមាន៖

*ចំណុចទីតាំងទី១ លើផ្លូវបេតុង ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ
*ទីតាំងទី២ នៅចំណុច បុរីអ័រគឺឌេ ផ្ទះលេខ BRC 003 ផ្លួវផ្កាក្រន់ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៤
*ទីតាំងទី៣ នៅចំណុចខុនដូរ 8 PRECIOUS RUBY (បន្ទប់លេខ៥០៣) ផ្លូវលេខ៣២០ ភូមិ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង
*ទីតាំងទី៤ នៅចំណុចបុរីអ័រគីដេ ផ្ទះលេខBG-091 ផ្លូវTheGeerey ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងរង្វង់បតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតវត្ថុតាងពីជនសង្ស័យ ១. ឈ្មោះ FAN YUAN KUEI (ហ្វាន យានគួយ) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ២. ឈ្មោះ FANG CHENG JUN (ហ្វាង ឆឹងជីន) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ៣. ឈ្មោះ HSU CHENG HAO (ស៊ូ ឈិនហៅ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ៤. ឈ្មោះ HUANG HEIAN (ហឹង ហឹជៀន) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន និង៥. ឈ្មោះ NOMORA SOKICHI (ណូម៉ូរ៉ា សូគីជី) ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិជប៉ុន នូវសារធាតុញៀន ជាប្រភេទ កតាម៊ឺន ទម្ងន់ ១៤៥.៨១៦,៨០ ក្រាម និងសារធាតុញៀនមិនច្បាស់លាស់ ទម្ងន់ ១.៩៤៩ក្រាម ព្រមទាំងភស្តុតាង មួយចំនួនដែលសង្ស័យ ជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៥នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន ខាងលើសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៥នាក់ខាងលើ និងបក្ខពួក ពីបទ «ជួញដូរ, រក្សាទុក, ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសំអាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា ៥ មាត្រា ៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌជ្រោយចង្វារ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកបានគូសបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ ទៅលើមុខសញ្ញាជនជាតិចិនតៃវ៉ាន់ មួយក្រុមកំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។

លុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៣ដុំ ស្មើនឹង៣គីឡូក្រាម។

បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤ ៖១០នាទី កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន ៤នាក់បន្ថែមទៀត ជនជាតិតៃវ៉ាន់៣នាក់ និងជនជាតិជប៉ុន១នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឧក្រិដ្ឋជនគ្រឿងញៀនជាជនជាតិបរទេសទាំង៥នាក់នេះ ត្រូវបានបញ្ជូនមកកាន់ពន្ធនាគាររួចហើយ៕