សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសចិន

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិករបស់លោក ចូ បៃឌិន កំពុងស៊ើបអង្កេតក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Telecom និងក្រុមហ៊ុន China Unicom ជុំវិញការព្រួយបារម្ភថា ក្រុមហ៊ុនទាំងនេះអាចយកទិន្នន័យអាមេរិកតាមរយៈសេវាខ្លោដ និងអ៊ីនធឺណេតនៅរបស់អាមេរិករបស់ពួកគេទៅឱ្យទីក្រុងប៉េកាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលបានដកស្រង់ប្រភពចំនួន៣ ដែលបានដឹងពីបញ្ហានេះ។

អាជ្ញាធរនៅក្រសួងពាណិជ្ជកម្មអាមេរិកកំពុងដំណើរការការស៊ើបអង្កេត ដែលមិនត្រូវបានរាយការណ៍ពីមុន។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រភពទាំង៣ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា អាជ្ញាធរទាំងនោះបានកោះហៅក្រុមហ៊ុនរដ្ឋចិនទាំងបីនេះ និងបានបញ្ចប់ «ការវិភាគផ្អែកលើហានិភ័យ» ទៅលើក្រុមហ៊ុន China Mobile និងក្រុមហ៊ុន China Telecom ប៉ុន្តែមិនទាន់មានវឌ្ឍនភាពទេក្នុងការស៊ើបអង្កេតលើក្រុមហ៊ុន China Unicom។

ក្រុមហ៊ុនចិនទាំងបីមានវត្តមានតិចតួចនៅឡើយនៅសហរដ្ឋអាមេរិក ដូចជាផ្តល់សេវាខ្លោដ និងសេវាអ៊ីនធឺណិតលក់ដុំនៅអាមេរិក។ សេវាទាំងនេះផ្តល់ឱ្យពួកគេនូវការចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក សូម្បីតែបន្ទាប់ពីនិយតករទូរគមនាគមន៍បានរារាំងពួកគេពីការផ្តល់សេវាទូរស័ព្ទ និងសេវាលក់រាយអ៊ឺនធឺណិតតាមនៅសហរដ្ឋអាមេរិកក៏ដោយ។

ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនឹង «បញ្ឈប់ការគាបសង្កត់ក្រុមហ៊ុនចិនក្រោមលេសក្លែងក្លាយ» និងបានបន្ថែមថា ប្រទេសចិននឹងបន្តការពារសិទ្ធិនិងផលប្រយោជន៍របស់ក្រុមហ៊ុនចិន៕