កោះកុង÷ នៅថ្ងៃអាទិត្យ ២រោច ខែជេស្ធឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ វត្តទេពនិមិត្ត (ហៅវត្តថ្មី) មានរៀបចំពិធីបើកបវេសន កាល ឆ្នាំ ២០២៤-២០២៥ និងពិធីប្រគេនជូន វិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក និងវិញ្ញាបនបត្រកុំព្យូទ័រ នៅសាលាពុទ្ធិកបឋមសិក្សា សម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី ក្រោមអធិបតី លោកស្រី ឈី វ៉ា អភិ បាលរង នៃគណៈអភិបាលខេត្តកោះកុង ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ។
ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ធគង្គាមហាមុនី ព្រះមេគុណ គណៈធម្មយុទ្ធកនិកាយខេត្តកោះកុង មានសង្ឃដីកាលើកឡើងថា÷ ខេត្តកោះកុង គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ២៥ រាជធានី ក្រោយពីការរំដោះ ៧ មករា ១៩៧៩ មក ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ចំពោះវិស័យព្រះពុទ្ធសាសនា វត្តអារាមមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំទូទាំងប្រទេស និងពាហិរសាសនា ក៏បានកើនឡើងក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
ចំពោះព្រះពុទ្ធសាសនាវត្តអារាមគណៈធម្មយុទ្ធកន្និកាទូទាំងខេត្តកោះកុងមានចំនួន ៧ វត្ត និងព្រះសង្ឃមានចំនួន ១១៨ អង្គ។
សាលាពុទ្ធិកបឋមសិក្សាសម្ដេចព្រះមហា សង្ឃរាជ បូរ គ្រី វត្តទេពនិមិត្ត បានកើត ឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃ រាជាធិបតីកិត្តិឧទេសបណ្ឌិត បូរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះមេគុណ ព្រះអង្គមានសង្ឃដីកាទៀតថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បានបណ្ដុះបណ្ដាលសមណសិស្ស សិស្ស សរុបចំនួន ៩២ អង្គ/នាក់ មានចំនួន ៤ ថ្នាក់ គឺ ថ្នាក់ទី១ (ក) ចំនួន ២០ អង្គ ថ្នាក់ទី ១ (ខ) ចំនួន ២១ អង្គ ថ្នាក់ទី ២ (ក) ចំនួន ២២ អង្គ និងថ្នាក់ទី ៣ (ក) ចំនួន ២៩ អង្គ និងមានគណៈគ្រប់គ្រងចំនួន១ អង្គ គ្រូក្របខ័ណ្ឌគ្មាន គ្រូកិច្ចសន្យា៤អង្គ/នាក់ ក្រោមការយកចិត្តទុកដាក់ពីលោកប្រធានមន្ទីរធម្មការ និងប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត។
មានប្រសាសន៍ក្នុងពិធី លោកស្រី ឈី វ៉ា អភិបាលរងខេត្ត បានថ្លែងនូវការកោតសសើរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគុណ គណៈធម្មយុទ្ធកន្និកាយខេត្តកោះកុង មន្ត្រីសង្ឃគ្រប់ឋានានុក្រម ជាពិសេស ព្រះអង្គគ្រូ លោកគ្រូជាគ្រូពុទ្ធិកសិក្សាទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេល វេលា និងធនធាន ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានព្រះសង្ឃ តាមរយៈសាលាពុទ្ធិកសិក្សា ក្នុងពេលកន្លងមក។ និងសូមអបអរសាទរ ចំពោះសមណសិស្ស សិស្ស ទាំង ១៥ អង្គ/អ្នក ដែលបានខិតខំសិក្សារៀនសូត្រ ហើយប្រឡងជាប់ជាស្ថាពរ ទទួលបាននូវវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក និងវិញ្ញាបនបត្រកុំព្យូទ័រនាពេលកន្លងមក និងរៀបចំពិធីប្រគេននិងប្រគល់ជូននូវវិញ្ញា បនបត្រ។
ជាមួយគ្នានោះ លោកស្រី ឈី វ៉ា អភិបាល រងខេត្ត មានប្រសាសន៍លើកទឹកចិត្តដល់សាលាពុទ្ធិកបឋមសិក្សាទាំង ៦ ក្នុងខេត្ត និងសូមទាញការចាប់អារម្មណ៍នៅចំណុចមួយចំនួន÷ ១- ត្រូវពង្រឹងគុណភាព ទាំងការបង្រៀន និងការរៀនតាមរយៈការរិតបណ្តឹងដំណើរការបណ្ដុះបណ្ដាលស្រប តាមកម្មវិធីពុទ្ធិកសិក្សាជាតិ ដោយបន្តអនុវត្តនិងគាំទ្រការអប់រំតាមបែបឌីជីថល ដើម្បីឆ្លើយតបតាមការវិវត្តន៍ ក្នុងវិស័យបច្ចេកវិទ្យាទំនើប។
២- ឧទ្ទេសាចារ្យ លោកគ្រូពុទ្ធិកសិក្សាទាំងអស់ ត្រូវបន្តដើរតួជាបុគ្គលនាំមុខ ជាបុគ្គលគំរូ ជាឪពុកម្ដាយទី២ ជាមគ្គុទេសក៍ដ៏ឆ្នើម ជាទីប្រឹក្សាដ៏ឈ្លាសវៃ ប្រកបដោយ សក្តានុពល តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងចំណេះដឹង វិធីសាស្ត្របង្រៀន ការ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឌីជីថល។
៣- សមណសិស្ស និងសិស្សទាំងអស់ ត្រូវបន្តរៀនសូត្រ ឱហាតសិក្សាស្រាវជ្រាវឱ្យអស់ពីសមត្ថភាព និងចូលរួមយ៉ាង សកម្ម ក្នុងការប្រព្រឹត្តនូវអំពើសុចរិត ដែលជាប្រយោជន៍ដល់សង្គមជាតិ និងព្រះពុទ្ធសាសនា។
៤- គណៈគ្រប់គ្រងសាលា ព្រះចៅអធិការ ព្រះអនុគណ ព្រះមេគុណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រុម ត្រូវបន្តកិច្ចសហការជា មួយមន្ទីរធម្មការ និងសាសនា អាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធនានា និងសប្បុ រសជន ដើម្បីធានាបាននៅការឧបត្ថម្ភគាំទ្រនិងវិស័យពុទ្ធិកសិក្សាឱ្យមាននិរន្តរ ភាពយូរអង្វែង។
៥- អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តផ្សព្វ ផ្សាយឲ្យបានទូលំទូលាយអំពីសកម្មភាព នៃការបើកបវេសនកាលថ្មី ដើម្បីជ្រាបដល់សមណសិស្ស សិស្ស ដែលស្វែងរកឱកាសសិក្សារៀនសូត្រ និងសកម្មភាពអប់រំរបស់ពុទ្ធិកសិក្សាតាមរយៈមធ្យោ បាយនានា រួមមានបណ្ដាញសង្គមជាដើម។
៦- ឆ្លើយតប ជាមួយការប្រែប្រួលអាកាសធាតុជាសកល និងស្ថានភាពអាកាសធាតុនៅក្នុងខេត្តកោះកុង ខ្ញុំព្រះករុណា នាងខ្ញុំ សូមគណៈគ្រប់គ្រង គ្រប់ភូមិសិក្សាទាំងអស់ មេត្តាតាមដានសុខភាព របស់សមណសិស្ស សិស្ស ជាប្រចាំ ដើម្បីថែរក្សាសុខភាព និងបង្ការជំងឺនានា ដូចជា ជំងឺគ្រុនឈាមជាដើម ដែលមានករណីកើតឡើងច្រើននៅក្នុងអំឡុងពេលអាកាសធាតុមានការប្រែប្រួល ជាពិសេសនៅក្នុងរដូវវស្សានេះ៕ ដោយ សេន ពិសិដ្ឋ