(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២១ ខែមិថុនានេះបានឱ្យដឹងថាខ្លួនបានបាញ់ព្រមានសាជាថ្មី បន្ទាប់ពីទាហានកូរ៉េខាងជើងជាច្រើននាក់បានឆ្លងដែនចូលដីកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងបានដកថយទៅវិញ ក្រោយការបាញ់ព្រមាន។ ទាហានកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានបំពានខ្សែបន្ទាត់ព្រំដែនយោធា ដែលរត់កាត់តាមចំណុចកណ្ដាលនៃតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ នៅម៉ោងប្រហែល ១១ព្រឹក កាលពីថ្ងៃព្រហស្បតិ៍។ នេះគឺជាឧបទ្ទវហេតុជាលើកទី៣ ក្នុងខែមិថុនា ដោយកាលពី ថ្ងៃអង្គារសប្ដាហ៍នេះ យោធាកូរ៉េខាងត្បូងក៏បានបាញ់ព្រមានជាច្រើនគ្រាប់ផងដែរ ក្រោយទាហានកូរ៉េខាងជើងរាប់សិបនាក់បំពានខ្សែបន្ទាត់ព្រំដែន។
គួរបញ្ជាក់ថា ឧបទ្ទវហេតុខាងលើកើតឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ជាលើកដំបូងក្នុងពេល២៤ឆ្នាំ នៅក្នុងសប្ដាហ៍នេះ ជាមួយការចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង៕