ក្រសួងកសិកម្ម ត្រៀមធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីរាជការក្រោមចំណុះក្រសួង

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រុមការងារក្រសួង ដើម្បីត្រៀមធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការចំណុះក្រសួង។ កិច្ចប្រជុំនេះ បានដឹកនាំដោយ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Oplus_131072

លោក គង់ ច័ន្ទវាសនា បានលើកឡើងថា តបតាមប្រសាសន៍របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងនឹងរៀបចំធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ នាពេលឆាប់ៗខាងមុខនេះ ហើយការធ្វើតេស្តនេះ នឹងត្រូវអនុវត្តជាបន្តបន្ទាប់ដូចភ្លៀងរលឹម នៅតាមអង្គភាពនានាចំណុះក្រសួង ដើម្បីក្រើនរម្លឹក និងជំរុញឱ្យមន្ត្រីទាំងអស់ចៀសឆ្ងាយពីគ្រឿងញៀន ស្របតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ លោកក៏បានពន្យល់និងណែនាំបន្ថែមដល់ក្រុមការងារ ឱ្យយកចិត្តទុកដាក់អនុវត្តការធ្វើតេស្តនេះ ឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់៕