សហរដ្ឋអាមេរិក យល់ព្រមលក់អាវុធទំហំ ៣៦០លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់

(តៃប៉ិ)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ដ្រូន និងមីស៊ីលក្នុងទំហំទឹកប្រាក់ជាង ៣៦០លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ក្នុងពេលដែលចិនបន្តបង្កើនការធ្វើសកម្មភាពយោធា នៅជុំវិញដែនកោះមួយនេះដែលប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណ បានឱ្យដឹងទៀតថាអាវុធដែលសហរដ្ឋអាមេរិក យល់ព្រមលក់ឱ្យតៃវ៉ាន់ រួមមាន ដ្រូន Switchblade និងមីស៊ីលប្រឆាំងរថក្រោះ រួមទាំងបរិក្ខារពាក់ព័ន្ធផ្សេងទៀតគិតជាទឹកប្រាក់ ៦០.២លានដុល្លារ ព្រមទាំងដ្រូនប្រភេទ ALTIUS 600M-V និងបរិក្ខារពាក់ព័ន្ធជាង ៣០០លានដុល្លារ។ ទីភ្នាក់ងាររបស់មន្ទីរបញ្ចកោណ ក៏បានសង្កត់ធ្ងន់ដែរថាការលក់អាវុធទាំងនេះនឹងធ្វើឱ្យសន្តិសុខរបស់តៃវ៉ាន់ កាន់តែល្អប្រសើរឡើង និងអាចចូលរួមចំណែកក្នុងការថែរក្សា ស្ថិរភាពនយោបាយ តុល្យភាពយោធា និងការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់។

ចំណែក ខាងក្រសួងការពារជាតិតៃវ៉ាន់វិញ ក៏បានអរគុណសហរដ្ឋអាមេរិកផងដែរ សម្រាប់កិច្ចប្រឹងប្រែងបង្កើនការលក់អាវុធឱ្យកោះតៃវ៉ាន់។ «ប្រឈមមុខនឹងការធ្វើសកម្មភាពយោធាជាប្រចាំ នៅជុំវិញកោះតៃវ៉ាន់ ពីសំណាក់ចិនកុម្មុយនិស្ដ ការអនុម័តការលក់អាវុធនេះនឹងជួយពង្រឹងសមត្ថភាពតាមដាន និងវាយប្រហារ ហើយអាចឆ្លើយតបភ្លាមៗទៅនឹងការគំរាមកំហែងណាមួយ ពីសត្រូវ»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់ ក្នុងសេចក្ដីថ្លែងការណ៍មួយ៕