(ស្វីស)៖ កិច្ចប្រជុំកំពូលដែលដឹកនាំដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅប្រទេសស្វីស និងមានប្រទេសចំនួនជាង៩០ ចូលរួម មិនអាចសម្រេចបាននូវការឯកភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ទោះបីជាមានការគាំទ្រយ៉ាងទូលំទូលាយចំពោះអ៊ុយក្រែន ក្នុងចំណោមប្រទេសដែលចូលរួមក៏ដោយ ក៏បញ្ហាប្រឈមជាច្រើននៅតែមាន ជាពិសេសអំពីការដោះស្រាយក្រោយសង្រ្គាម ដូចជាការតាំងទីលំនៅ ការដកទ័ព និងការធានាសន្តិសុខជាដើម។
កាលពីថ្ងៃទី០៧ ខែមិថុនាកន្លងទៅថ្មីៗ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន (Global Peace Summit) ដែលធ្វើឡើងនៅប្រទេសស្វីស ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយគ្មានវត្តមានភាគីសំខាន់គឺរុស្ស៉ី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះបន្ថែមថា «ការមិនទៅចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកលរបស់កម្ពុជា គឺជាសិទ្ធិស្វ័យសម្រេចរបស់កម្ពុជាសុទ្ធសាធ, កម្ពុជា មិនត្រូវចិនរារាំងមិនឲ្យចូលរួមទេ ហើយចិនក៏មិនធ្វើរឿងបែបនេះដាក់ចំពោះកម្ពុជាដែរ»។
«ការមិនទៅចូលរួមរបស់កម្ពុជា វាក៏នឹងក្លាយទៅជាកំហុសដ៏ធំមួយរបស់អ្នកវិភាគនយោបាយមួយចំនួន ឬមេដឹកនាំណាមួយដែលតែងតែចាត់ទុកថា ចិន មកធ្វើចលនារារាំងកម្ពុជា មិនឲ្យទៅចូលរួម។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើចិនចង់ធ្វើរឿងបែបនេះដាក់កម្ពុជា ចិនក៏គ្មានលទ្ធភាពដើម្បីរារាំងកម្ពុជា មិនឲ្យចូលរួមដែរ» នេះបើយោងតាមប្រសាសន៍បញ្ជាក់បន្ថែមសម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងនៃកម្ពុជា។
អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្កាត់ធ្ងន់ថា «អ្វីដែលជាការកត់សំគាល់របស់កម្ពុជា និងចោទសួរថា តើលទ្ធផលនៃកិច្ចប្រជុំកំពូលនេះវានឹងទៅដល់ណា ? បើសិនជាកិច្ចប្រជុំកំពូលនេះនៅត្រឹមតែថ្កោលទោសរុស្ស៉ី ដែលភាគីសំខាន់គឺរុស្ស៉ី មិនត្រូវបានគេអញ្ជើញឲ្យចូលរួម ដោះស្រាយ តើកម្ពុជាមានការចាំបាច់ដើម្បីចូលរួមធ្វើអ្វី ដែលវាគ្រាន់តែជាការបង្កើនអរិភាពបន្ថែមទៀតនោះ»។
សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដែលហៅសកម្មភាពរបស់រុស្ស៊ីថា ជា «សង្គ្រាម» និងជំរុញឱ្យគោរពបូរណភាពទឹកដីអ៊ុយក្រែន ប្រហែលជាមិនទទួលបានការគាំទ្រពីគ្រប់ប្រទេសដែលចូលរួមនោះទេ។ លោក កាល នេហាំមើ (Karl Nehammer) អធិការបតីអូទ្រីស បានកត់សម្គាល់ថា ប្រទេសមួយចំនួនអាចនឹងបដិសេធមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះ។
រុស្ស៊ី និងចិន មិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ។ រុស្ស៊ី បានច្រានចោលកិច្ចប្រជុំនេះ ដោយចាត់ទុកថា ជាការខ្ជះខ្ជាយពេលវេលា និងបានដាក់ចេញនូវលក្ខខណ្ឌ ផ្ទុយគ្នាពីចម្ងាយ ខណៈដែលអ៊ុយក្រែនទទូចថា រុស្ស៊ីមិនអាចដាក់លក្ខខណ្ឌសម្រាប់ការចរចាសន្តិភាពបានឡើយ ដរាបណាសង្រ្គាមនៅតែបន្ត៕