(ភ្នំពេញ)៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េបានប្តេជ្ញាចិត្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំ និងបង្កើនទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសជាមួយខេត្តស្វយ័តពិសេសចេជូ។
ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អូហ៍ យុងហ៊ុន (OH YOUNG HUN) អភិបាលខេត្តស្វយ័តពិសេសចេជូ (Jeju) នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព សក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ តាមរយៈការជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀត។
លោករដ្ឋមន្ត្រី សុខ សូកេន និងលោកអភិបាលខេត្តចេជូ បានប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំ និងបង្កើនទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសជាមួយកោះចេជូ។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសម្រាប់ការបន្ត និងពង្រឹងទំនាក់ទំនងទ្វេភាគីបានយ៉ាងល្អប្រសើរចាប់តាំងពីការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងការបង្កើតទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ ដែលបានផ្តួចផ្តើមគំនិតដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ពីកម្រិតធម្មតាទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត មានន័យថា ទំនាក់ទំនងលើគ្រប់វិស័យទាំងអស់រួមទាំងវិស័យការងារ និងទេសចរណ៍នៃប្រទេសទាំងពីរកាន់តែពង្រីក និងកាន់តែពង្រឹងឱ្យកាន់តែមានភាពស៊ីជម្រៅ។
លោករដ្ឋមន្ត្រីបានរំលេចអំពីសសរស្ដម្ភយុទ្ធសាស្រ្តទាំង៥ ហៅកាត់ថា បង្កើន៥ (BUILD) និងការងារអាទិភាពគាំទ្រចំនួន៣ ហៅកាត់ថា អភិវឌ្ឍ៣ (3Ds) ដើម្បីចូលរួមចំណែកបង្កើនកិច្ចសហការរវាងផ្នែករដ្ឋ និងឯកជន ប្រកបដោយភាពវិជ្ជមានក៏ដូចជាការលើកកម្ពស់ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ននៃទេសចរណ៍កម្ពុជា។
លោកអភិបាលខេត្តចេជូបានលើកឡើងថា កោះចេជូ និងកម្ពុជាមានកត្តាដូចគ្នាច្រើន រួមមាន ប្រវត្តិសាស្ត្រ សម្បតិ្តធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ដែលជាកត្តាជំរុញឱ្យមានការចុះអនុស្សរណៈរវាងខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាមួយកោះចេជូ។
លោករដ្ឋមន្ត្រី សុខ សូកេន និងលោកអភិបាលខេត្តព្រមព្រៀងគ្នាឱ្យមានការសិក្សាអំពីសក្តានុពលក្នុងការជំរុញការហោះហើរត្រង់រវាងកោះចេជូ និងខេត្តសៀមរាប-អង្គរ៕