នាយករដ្ឋមន្ត្រីអាមេនី ថាប្រទេសរបស់លោកនឹងដកខ្លួនចេញពីអង្គការ CSTO ដឹកនាំដោយរុស្ស៉ី

Oplus_131072

(យ៉េរ៉េវ៉ាន់)៖ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បាននិយាយថាប្រទេសអាមេនី នឹងដកខ្លួនចេញពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដឹកនាំដោយ រុស្ស៉ី ជាមួយការចោទប្រកាន់សមាជិកមួយចំនួនក្នុងប្លុកមួយនេះថាបានរួមគំនិតគ្នាជាមួយអាស៊ែបៃហ្សង់ ក្នុងសង្រ្គាមមួយប្រឆាំងនឹងប្រទេសរបស់លោក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

លោក Pashinyan ដែលកំពុងព្យាយាមបណ្ដុះទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ធ្លាប់បាននិយាយថាកាលពីខែមីនាកន្លងទៅថាអាមេនី ដែលជាសម័្ពន្ធ មិត្តជិតដិតមួយរបស់រុស្ស៉ី នឹងដកខ្លួនចេញពីអង្គការ CSTO ប្រសិនបើប្លុកសន្តិសុខមួយនេះមិនបញ្ជាក់ឱ្យច្បាស់ពីការប្ដេជ្ញាចិត្តក្នុងការគាំទ្រសន្តិសុខរបស់អាមេនី ទេនោះ។

តាមប្រព័ន្ធផ្សព្វផ្សាយអាមេនី លោក Pashinyan បានប្រាប់សមាជិកសភាអាមេនីថាលោកមានអារម្មណ៍ថាមិនបានទទួលការប្ដេជ្ញាចិត្តណាមួយពី CSTO ឡើយ ដូច្នេះអាមេនី តាំងចិត្តថានឹងដើរចេញពីប្លុកមួយនេះ។ «យើងនឹងដកខ្លួនចេញ។ យើងនឹងធ្វើការសម្រេចចិត្តថាតើត្រូវដកខ្លួននៅពេលណា…កុំព្រួយបារម្ភ យើងនឹងមិនត្រឡប់មកវិញឡើយ»។ នេះជាការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីអាមេនី។

គួរបញ្ជាក់ថា អង្គការ CSTO មានទីស្នាក់ការក្នុងទីក្រុងមូស្គូ និងមានប្រទេសជាសមាជិកដូចជា រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៉ីគីស្ថាន បេឡារុស និងអាមេនី៕