(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ ជាមួយនឹងការរំពឹងទុកថានឹងទទួលបានអ្នកចូលរួមប្រមាណ៦ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃនេះ។
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក កត្តា អន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ បានបង្ហាញការរំពឹងទុកថា អ្នកចូលរួមមានប្រមាណជាង៦ម៉ឺននាក់, សិស្សានុសិស្សនិងសាធារណជននឹងទទួលបានព័ត៌មាន និងសារសំខាន់ពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ, ព័ត៌មានស្ដីពីអាហារូបករណ៍នៅតាមគ្រឹះស្ថានសិក្សា ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ១.៥លាននាក់, អ្នកចូលរួមនឹងទទួលបាននូវព័ត៌មានទីផ្សារការងារ ដែលត្រូវការអ្នកបច្ចេកទេសយ៉ាងច្រើន, ទទួលបាននូវតម្រូវការកម្លាំងអ្នកបច្ចេកទេសនៅតាមបណ្តាក្រុមហ៊ុនឯកជននានា, កំណើននៃការចុះឈ្មោះចូលរៀនសិស្ស និស្សិតទៅក្នុងប្រព័ន្ធអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ, បង្កើនទំនាក់ទំនងរវាងអ្នកផ្តល់ការបណ្ដុះបណ្ដាល និងអ្នកប្រើប្រាស់កម្លាំងពលកម្មជំនាញ។
លោក កត្តា អន បានបង្ហាញពីគោលដៅនៃការរៀបចំទិវាជាតិស្ដីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺដើម្បីបង្ហាញពីសារសំខាន់នៃការអប់រំ និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយបំពេញគ្នាទៅវិញទៅមកឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា។ ជាក់ស្ដែង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការគ្នាជំរុញការអនុវត្តការអភិវឌ្ឍជំនាញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈនៅគ្រប់កម្រិតសិក្សា។
ក្រៅពីនេះ ទិវាជាតិ TVET នេះក៏នឹងជួយផ្សព្វផ្សាយ និងណែនាំអំពីវិស័យ និងមុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និងនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកំពុងធ្វើការបណ្ដុះបណ្ដាល។ តាំងបង្ហាញពីសមិទ្ធផលស្នាដៃសិស្ស និស្សិតដែលផលិតបាននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នាពេលកន្លងមក។ បង្ហាញពីតម្រូវការជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនៅលើទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគតរបស់សហគ្រាស គ្រឹះស្ថាន ផ្នែកឯកជន និងភាគីពាក់ព័ន្ធ។ បង្កើតទំនាក់ទំនងរវាងអ្នកផ្តល់ការបណ្ដុះបណ្តាល និងអ្នកប្រើប្រាស់កម្លាំងពលកម្មជំនាញ។ ផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ ជំរុញនិងលើកទឹកចិត្តឱ្យមហាជនចូលរួមអនុវត្តក្នុងការវាយតម្លៃទទួលស្គាល់សមត្ថភាព តាមរយៈប្រព័ន្ធវាយតម្លៃទទួលស្គាល់ការសិក្សាដែលមានពីមុនរបស់ក្រសួងការងារ។
លោករដ្ឋលេខាធិការបានបន្តថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ មានក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជនបានចុះឈ្មោះចូលរួមតាំងបង្ហាញស្នាដៃ ខ្សែសង្វាក់ផលិតកម្មនិងផលិតផល ក្នុងនោះថ្នាក់ជាតិចំនួន១០៤អង្គភាព ថ្នាក់ក្រោមជាតិចំនួន២៨០អង្គភាព។
គួរជម្រាបថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងចំនួន៦លើកមកហើយ គឺនៅឆ្នាំ២០១៨ ឆ្នាំ២០១៩ ឆ្នាំ២០២០ ឆ្នាំ២០២១ ឆ្នាំ២០២២ និងនៅឆ្នាំ២០២៣ ដោយមួយលើកៗមានអ្នកចូលរួមរាប់ម៉ឺននាក់៕