(អាមេរិក)៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជាច្រើន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Sara Minakara ទីប្រឹក្សាពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិជនមានពិការភាព ដើម្បីជជែកពីការពង្រឹងសិទ្ធិជនមានពិការភាពនៅទូទាំងអាស៊ាន។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការជំរុញឱកាសស្មើគ្នា និងបង្កើនការទទួលបានសិទ្ធិកាន់តែទូលំទូលាយសម្រាប់ជនដែលមានពិការភាព។
លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Kurt Campbell អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពដ៏ស្វាហាប់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ហើយបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍ និងការព្រួយបារម្ភទៅវិញទៅមក។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ពីការគាំទ្រប្រទេសឡាវ ដែលជាប្រធានអាស៊ាននៅឆ្នាំនេះផងដែរ។
លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី Anne Neuberger អនុប្រធានទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រីក កិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត និងបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗជាដើម។
នារសៀលថ្ងៃដដែល លោកបានជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការ ស្តីពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន និងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក។ លោកក៏បានថ្លែងអំណរគុណ ចំពោះតួនាទីដ៏សំខាន់របស់គណៈកម្មាធិការនេះ ក្នុងការជួយជំរុញភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។
លោកអគ្គលេខាធិការអាស៊ាន បានជួបជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក។ នៅក្នុងឱកាសនោះ លោកស្រីអនុប្រធានធនាគារពិភពលោក បានជម្រាបជូនលោកអគ្គលេខាធិការអាស៊ានអំពីគំនិតផ្តួចផ្តើមនានារបស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងការផ្លាស់ប្តូរថាមពល សន្តិសុខវាក់សាំង និងការធ្វើបរិវត្តកម្មឌីជីថលជាដើម។ ភាគីទាំងពីរបានក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកំពុងបន្តរវាងអាស៊ាន និងធនាគារពិភពលោក ព្រមទាំងបានរិះរកវិស័យថ្មីៗដែលជាធ្វើកិច្ចសហការជាមួយគ្នាបាន។
នៅល្ងាចថ្ងៃទី១០ ខែមិថុនា លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាមួយទល់នឹងមួយជាមួយលោកបណ្ឌិត Suriya Chindawongse ឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មកស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍ និងជាកង្វល់របស់អាស៊ាន។ ភាគីទាំងពីរក៏បានពិភាក្សារកគំនិតថ្មីៗ ដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក កាន់តែមានអត្ថន័យថែមទៀត៕