រដ្ឋបាលខេត្តកោះកុង គ្រោងរៀបចំវេទិកាផ្គត់ផ្គង់រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍន៍អាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក

កោះកុង÷នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ លោក អន សុធារិទ្ធ អភិបារង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំវេទិកាផ្គត់ផ្គង់រវាងអ្នកលក់និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍន៍អាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងM/SMEs និងនាំចេញនៅនឹងកន្លែងនៅខេត្តកោះកុង នាពេលខាងមុខ។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងនៅអាគារខ សាលាខេត្តកោះកុង ដែលមានសមត្ថភាពចូលរួមពីអស់លោក លោកស្រី ប្រធាន មន្ទីរ និងអ្នកពាក់ព័ន្ធ ។

ថ្លែងក្នុងកិច្ចប្រជុំ លោក អន សុធារិទ្ធ អភិបាលរងខេត្ត បានលើឡើងថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីឲ្យបានយល់ច្បាស់រវាងអ្នកលក់និងអ្នកទិញ ក្នុងការត្រៀមរៀបចំរយ:បីថ្ងៃ ដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី 18-២០ ខាងមុខ។ ដូច្នេះការងារនេះ ទីមួយខ្ញុំសំដៅទៅលើមន្ទីរពាណិជ្ជកម្ម សូមធ្វើការត្រៀមរៀបចំនៅទីលានមហោស្រពខាងក្រៅ។ ទីពីរ សូមក្រុម ការងាររដ្ឋបាលខេត្ត រៀបចំឲ្យបងប្អូនមានផលិតផលស្ងួត ដាក់ចូលក្នុងមហោស្រពតែម្ដង។ ចំពោះផលិតផលដែលមានក្លិនមានផ្សែង សូមឱ្យរៀបចំដាក់នៅលើស្តង់ខាងក្រៅ។ ចំណែកមន្ទីរទេសចរណ៍ គឺត្រូវរៀបចំអញ្ជើញអ្នកពាក់ព័ន្ធ ផ្នែកសេវាកម្ម ដូចជា÷ផ្នែករីសត អូតែល និងភោជនីយ ដ្ឋាន តុក្កតារោងការ។

លោក អន សុធារិទ្ធ អភិបាលរងខេត្ត បានលើកឡើងទៀតថា ជាមួយគ្នានេះរដ្ឋបាល ខេត្ត គ្រោងនិងរៀបចំផ្លែទុរេន ម្ឃុត សាវ ម៉ាវ ដែលទិញពីររដ្ឋបាលក្រុង.ស្រុក មួយ ចំនួន ដើម្បីត្រៀមរៀបចំចែកជូនដល់បងប្អូនដែលអ្នកមកចូលរួម ឱ្យបានភ្លក់។

ការរៀបចំវេទិកាផ្គត់ផ្គង់រវាងអ្នកលក់ និងអ្នកទិញ ដែលគ្រោងធ្វើឡើងនាពេលខាងមុខនេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សក្តានុពល ផលិតផលក្នុងស្រុក ការស្វែងរកទីផ្សារជូនអ្នកផលិត ការជំរុញចលនាភូមិ១ ផលិតផល១ ជាពិសេស ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណចម្រើនព្រះជន្មសម្ដេចព្រះហាក្សត្តីនរោត្ត មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ៕ ដោយ ញុឹប សន