លោក ម៉ាក្រុង ប្រកាសរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតមុនអាណត្តិ ក្រោយបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប

Oplus_131072

(ប៉ារីស)​៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា (ម៉ោងនៅទីក្រុងប៉ារីស) បានប្រកាសថាលោកនឹងរំលាយសភា ហើយស្នើឱ្យមានការរៀបចំការបោះឆ្នោតសភាបារាំងមុនអាណត្តិ បន្ទាប់ពីលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នបង្ហាញថាគណបក្សរបស់លោកបានបរាជ័យធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតសភាអឺរ៉ុប ក្រោមថ្វីដៃគណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិបារាំង លោក ម៉ាក្រុង បាននិយាយថាលទ្ធផលបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យ បានបង្កការព្រួយបារម្ភយ៉ាងធំមួយ សម្រាប់រដ្ឋាភិបាលរបស់លោក ហើយលោកមិនអាចឈរអោបដៃមើលដោយមិនរវល់នោះទេ។ លោកបន្ថែមទៀតថាការបោះឆ្នោតសភាបារាំងជុំទី១ នឹងត្រូវរៀបចំនៅថ្ងៃទី៣០ ខែមិថុនា និងការបោះឆ្នោតជុំទី២ នៅថ្ងៃទី៧ ខែកក្កដា។

គួរបញ្ជាក់ថា គណបក្ស National Rally របស់លោកស្រី ឡឺប៉ែន បានទទួលជ័យជម្នះប្រហែល ៣២ភាគរយនៃសន្លឹកសរុបក្នុងការបោះឆ្នោតសភាអឺរ៉ុប ខណៈគណបក្ស Renew party របស់ លោក ម៉ាក្រុងទទួលបានសំឡេងគាំទ្រ ១៥ភាគរយ។ ដូចគ្នាទៅនឹងលោក ម៉ាក្រុងដែរ គណបក្ស Social Democrats របស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានរងបរាជ័យ ក្រោមថ្វីដៃគណបក្សស្ដាំនិយមជ្រុល Alternative for Germany (AfD) ផងដែរ។

យ៉ាងណាក៏ដោយ លទ្ធផលបោះឆ្នោតបឋម បានបង្ហាញថាគណបក្សមាននិន្នាការស្ដាំនិយម កណ្ដាលនិយម ឆ្វេងនិយម និងសេរីនិយម នឹងនៅតែបន្តក្ដោបក្តាប់សំឡេង ភាគច្រើនក្នុង សភាអឺរ៉ុប ៤៦០អាសនៈ។ គ្រាន់តែសំឡេងគាំទ្រនេះមានការថយចុះបើធៀបទៅនឹងអាណត្តិមុនដែលគណបក្សទាំងនេះមានអាសនៈចំនួន ៤៨៨ ក្នុងចំណោមអាសនៈសភាអឺរ៉ុបសរុបចំនួន ៧០៥៕