(ស៉ីដនី)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយថា ទីក្រុងកង់បេរ៉ាចង់បានទំនាក់ទំនងកាន់តែស៉ីជម្រៅ ជាមួយប្រទេសជិតខាងក្នុងតំបន់ប៉ាស៉ីហ្វិក គឺសូឡូម៉ុន និងតំបន់មួយដែលអាចធ្វើការសម្រេចចិត្តដោយគ្មានភាពភ័យខ្លាច ខណៈចិនបានបញ្ជូនបេសកជនរបស់ខ្លួនទៅកាន់រដ្ឋធានី Honiara ដើម្បីជួបនាយករដ្ឋមន្រ្តីសូឡូម៉ុនថ្មី លោក Jeremiah Manele។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងចេញពីរដ្ឋធានី Honiara ប្រទេសសូឡូម៉ុន នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ លោកស្រី Wong និយាយថា អូស្រ្តាលី គឺជាដៃគូអភិវឌ្ឍដ៏ធំមួយរបស់ សូឡូម៉ុន។ លោកស្រី Wong បានបញ្ជាក់ថា «យើងចង់ឱ្យតំបន់ប្រជុំកោះប៉ាស៉ីហ្វិក អាចធ្វើការសម្រេចចិត្តដោយខ្លួនឯង អាចអនុវត្តការធ្វើប្រតិបត្តិការនានាក្នុងទឹកដីរបស់ខ្លួន ដោយគ្មានភាពភ័យខ្លាច ហើយជាកន្លែងដែលយើងទាំងអស់គ្នាអាចរីកចម្រើន និងរស់នៅជាមួយគ្នាដោយសន្តិភាព»។ លោកស្រី Wong ក៏បានប្រកាសពីការសន្យាផ្តល់ថវិកាចំនួន ៣.៤លានដុល្លារ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ៤០កន្លែងនៅសូឡូម៉ុនផងដែរ។
បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសូឡូម៉ុន បេសកជនចិន លោក Qian Bo បានជួបលោក Manele កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានបញ្ជាក់ឡើងវិញនូវ «ទំនាក់ទំនង ពិសេសរវាងប្រទេសទាំងពីរ»។ សេចក្តីថ្លែងកាណ៍ដដែលបន្ថែមថា ចិនបានផ្តល់ជំនួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ប៉ូលិស សុខាភិបាល អប់រំ ថាមពល និងជំនួយផ្នែកកសិកម្ម ចាប់តាំងពីសូឡូម៉ុន បានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដោយងាកទៅភ្ជាប់ទំនាក់ទំនងជាមួយប៉េកាំងវិញក្នុងឆ្នាំ២០១៩ ហើយសូឡូម៉ុន នឹងបន្តពង្រឹងទំនាក់ទំនងនោះ៕