(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមហ៊ុនធំៗក្នុងស្រុកចំនួន៥ នឹងផ្តល់ឱកាសការងាររហូតជាង ៣០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ដែលមានទីតាំងក្នុងបរិវេណទីស្តីការក្រសួង។
ក្រុមហ៊ុនធំៗទាំង៥ នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife, ណាហ្គាវើល៍ និងក្រុមហ៊ុន សូគីមិច ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួង។
បន្ថែមពីនេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម៕