អនុប្រធានាធិបតីអាមេរិក លោកស្រី Harris នឹងចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន ជំនួសលោក បៃដិន

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន ខណៈលោកប្រធានាធិបតី ចូ បៃដិន ជាប់រវល់ចូលរួមក្នុងកម្មវិធីរៃអង្គាសប្រាក់ សម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរៀបចំដោយតារាសម្ដែងអាមេរិក លោក George Clooney។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសុំម្ដងហើយម្ដងទៀតឱ្យលោក ចូ បៃដិន ចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាព ខណៈទីក្រុង កៀវកំពុងប្រឹងប្រែងស្វែងរកការគំាទ្រពីអន្តរជាតិ ចំពោះមុខការប្រយុទ្ធតស៊ូទប់ស្កាត់ការរីកចម្រើននៃការវាយលុករបស់រុស្ស៉ីលើតំបន់ Kharkiv។ ក៏ប៉ុន្តែ ក្រោយ ស្រពេចស្រពិលជាច្រើនសប្ដាហ៍ នៅទីបំផុតទៅ ខាងសេតវិមានបានប្រកាសថាសហរដ្ឋអាមេរិកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Lucerne ប្រទេសស្វីស នៅថ្ងៃទី១៥ ខែមិថុនា ដោយមានលោកស្រី Harris និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ជាតំណាង។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់លោកស្រី Harris គឺលោកស្រី Kirsten Allen បានគូសបញ្ជាក់ដូច្នេះថា «លោកស្រីអនុប្រធានាធិបតី នឹងបញ្ជាក់ កើតឡើងវិញពីការគំាទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រជាជនអ៊ុយក្រែន ខណៈពួកគេកំពុងការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ លោកស្រីក៏នឹង គូសបញ្ជាក់ផងដែរពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីធានាឱ្យបាននូវសន្តិភាពយូរអង្វែង នៅបន្ទាប់ពី ការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២»៕