អតីតប្រធានាធិបតីអ៉ីរ៉ង់ លោក Mahmoud Ahmadinejad​ ឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតជាតិ

(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង បានរាយការណ៍ថា អតីតប្រធានាធិបតីអ៉ីរ៉ង់ លោក Mahmoud Ahmadinejad បានចូលរួមឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតថ្ងៃទី២៨ ខែមិថុនា ដែលអ៉ីរ៉ង់នឹងរៀបចំឡើង បន្ទាប់ពីការស្លាប់របស់ លោក Ebrahim Raisi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ ២០២៤។

យ៉ាងនេះក្តី លោក Ahmadinejad​ អាចនឹងត្រូវបានរារាំងពីការប្រកួតប្រជែង ដោយសារតែមេដឹកនាំកំពូលអ៉ីរ៉ង់ នឹងជាអ្នកជ្រើសរើសសមាសភាពបេក្ខជន ហើយចេញផ្សាយបញ្ជីឈ្មោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅថ្ងៃទី១១ ខែមិថុនា។ លោក Ahmadinejad ធ្លាប់ជាសមាជិកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោត ឱ្យក្លាយជាប្រធានាធិបតីកាលពីឆ្នាំ ២០០៥ និងក្រោយមកបានចាកចេញពីតំណែង ដោយសារតែដល់កំណត់អាណត្តិ នៅឆ្នាំ ២០១៣។ លោក Ahmadinejad ត្រូវបានរារាំងពីការឈរឈ្មោះបោះឆ្នោតឆ្នាំ ២០១៧ ដោយក្រុមប្រឹក្សាធម្មនុញ្ញ និង ១ឆ្នាំបន្ទាប់ពីមេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានព្រមានថា វត្តមានរបស់ លោក Ahmadinejad មិនបានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសនោះទេ។

គួរបញ្ជាក់ថា លោក Khamenei គឺជាអ្នកគាំទ្រលោក Ahmadinejad បន្ទាប់ពីការបោះឆ្នោតឡើងវិញឆ្នាំ ២០០៩ ដែលបង្កជាការតវ៉ាជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ បណ្តាលមនុស្សជាច្រើននាក់ស្លាប់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួន មុនពេលកងកម្លាំងសន្តិសុខដឹកនាំដោយកងឆ្មាំបដិវត្តន៍វរជន (IRGC) បានបង្ក្រាបភាពចលាចលនោះ។ ប៉ុន្តែ ភាព​ប្រេះឆា​មួយ​បាន​កើត​ឡើង​រវាង​អ្នក​ទាំង​ពីរ ​បន្ទាប់​ពី​លោក Ahmadinejad វែកញែកជុំវិញសិទ្ធិ​អំណាច​​របស់ លោក Khamenei៕